ខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកកែវសីមា បង្ក្រាបនិងឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៥នាក់ ដែលពាក់ព័ន្ធករណីចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ ប្រមាណជិត៣គីឡូក្រាម។
របាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ កម្លាំងជំនាញស្រុក ដោយមានការសង្ស័យទៅមនុស្ស២នាក់ ជាជនជាតិវៀតណាម បម្រុងអូសវ៉ាលីឆ្លងកាត់ដងប៉ារ៉ាស់ នៅចំណុចព្រំដែនព្រំ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ ភ្លាមនោះកម្លាំងនគរបាល បានហៅបុរស២នាក់នោះមកសួរនាំ សមត្ថកិច្ចបានឆែកឆេរវ៉ាលីរកឃើញថង់ក្រាមពណ៌ស ចំនួន២កញ្ចប់ធំ និងកញ្ចប់តូចៗជាច្រើនកញ្ចប់ទៀត ហើយសង្ស័យសារធាតុញៀនតាមការប៉ាន់ស្មានបឋមមានចំនួនជិត៣គីឡូក្រាម។
បន្ទាប់ពីមានករណីបែបនេះមន្រ្តីនគរបាលនៅច្រកព្រំដែនទ្វេភាគីឡាប៉ាខេ បានរាយការណ៍ជូនលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដើម្បីសុំយោបល់ និងជំនាញដើម្បីចាត់ការតាមនិតិវិធីបន្ត។ មនុស្សចំនួន៣នាក់ទៀត ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ សរុបចំនួន៥នាក់ ដែលពាក់ព័ន្ធករណីនេះ។
បច្ចុប្បន្នក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ កម្លាំងសមត្ថកិច្ច បានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី ដើម្បីឱ្យការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សហការី