ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់បែកអត្តឃាតក្នុងពិធីសាសនាស្លាប់និងរបួសជាង ១០០នាក់

ចែករំលែក៖

ការវាយប្រហារគ្រាប់បែកអត្តឃាតពីរលើកផ្សេងគ្នានៅក្នុងប្រទេសប៉ាគីស្ថាន បណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់៥២នាក់ ស្លាប់និងបង្កឱ្យរបួសរាប់សិបនាក់ផ្សេងទៀត។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្រ្តីសុខាភិបាលនិងប៉ូលិសនៅប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៥២នាក់បានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀតបានទទួលរងរបួសនាថ្ងៃទី២៩ខែកញ្ញា ក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅខេត្តបាឡូជីស្ថាន (Balochistan) ដែលកើតឡើងក្នុងពិធីខួបកំណើតរបស់ មហាំម៉ាត់ ដែលជាអ្នកដឹកនាំសាររបស់ព្រះក្នុងសាសនាអ៊ិស្លាម។
មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវថា សកម្មភាពវាយប្រហារខាងលើជាស្នាដៃរបស់ខ្លួននៅឡើយទេ ក៏ប៉ុន្តែវាបានកើតមានចំពេលដែលការវាយប្រហារដោយក្រុមសកម្មជនប្រយុទ្ធបាននិងកំពុងកើនឡើងកាន់តែញឹកញាប់នៅតំបន់ភាគខាងលិចប៉ាគីស្ថាន និងមុនពេលប្រទេសអាស៉ីខាងត្បូងមួយនេះត្រូវរៀបចំការបោះឆ្នោតសកល នៅខែមករា ឆ្នាំ២០២៤។ ទីតាំងនៃការបំផ្ទុះគ្រាប់បែកនោះ គឺស្ថិតនៅក្បែរព្រះវិហារអ៊ិស្លាមមួយ ជាទីដែលមនុស្សម្នាបានមកប្រមូលផ្តុំគ្នាដើម្បីត្រៀមដង្ហែក្បួន ដើម្បីអបអរខួបកំណើតមហាំម៉ាត់ ដែលត្រូវជាថ្ងៃឈប់សម្រាកផងដែរ។
ប៉ាគីស្ថានបានមើលឃើញការស្ទុះឡើងវិញនៃសកម្មភាពវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ចាប់តាំងតែពីឆ្នាំមុនមក នៅពេលបទឈប់បាញ់បានដួលរលំរវាងរដ្ឋាភិបាលនឹងក្រុមសកម្មប្រយុទ្ធ TTP។ យ៉ាងណាមិញ ក្រុម TTP បានចេញមុខបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពវាយប្រហារ នៅថ្ងៃសុក្រនេះឡើយ។ ដោយឡែក កាលពីខែកក្កដាកន្លងទៅ មនុស្សជាង ៤០នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅខេត្ត Khyber Pakhtunkhwa province ភាគនិរតីប្រទេស អំឡុងការប្រមូលផ្តុំរបស់គណបក្សនយោបាយសាសនាមួយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN-VNA)


ចែករំលែក៖