ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាលខេត្តព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ តេស្ដ​រក​សារធាតុ​ញៀន​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​នាពេល​យប់​ ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដើម្បី​ទប់ស្កាត់​បទល្មើស​លួច​ ឆក់​ ប្លន់​ ក្រុមក្មេងទំនេីង​ នឹងបទល្មេីសផ្សេងៗទៀត​ដែល​អាច​កើត​មានឡើង​ជាយថាហេតុ​ ក្នុងភូមិសាស្រ្ដរបស់ខ្លួន​ កម្លាំង​ចម្រុះ​នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ​ បានបន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ តេស្ដ​រក​សារធាតុ​ញៀន​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​ និង​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​នៅ​ពេល​រាត្រី​។ 

ជាក់ស្ដែង​យោងតាម​របាយការណ៍​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំង​ក្រុមការងារ​ផ្លូវ​ជាតិ​ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ កាលពីយប់មិញនេះ​ បានសហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ តេស្ដ​រក​សារធាតុ​ញៀន​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​ និង​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​នៅ​ពេល​យប់​ ​នៅ​លេីផ្លូវ​លេខ៣០០​ ត្រង់ចំណុច​ ជិត​ស្តុប​ស្តេចមឹក ស្ថិតនៅភូមិ​៤ សង្កាត់លេខ​៤​ ក្រុង​-ខេត្ត​ព្រះសីហនុ​។ 

ជាមួយគ្នានោះ​ កម្លាំងនគរបាលទេសចរណ៍ ប្រចាំការល្បាត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមឆ្នេរផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖