ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២៤។

   នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣នេះបានបញ្ជាក់ថា​ យោងតាមការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយនិង យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីសម្រេចក្នុងនេះប្រការ១ ត្រូវបានបន្ថែមទឹកប្រាក់ចំនួន ២(ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ២០២ (ពីររយពីរ) ដុល្លារ អាម៉េរិក ដែលបានកំណត់ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤។ ហេតុនេះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ឆ្នាំ២០២៤ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់ចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ។ 

     ក្រៅពីនេះគេឃើញក្នុងប្រការ២បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងចំនួន ២០២ (ពីររយពីរ) ដុល្លារ អាម៉េរិក ក្នុងមួយខែ។ ចប់រយៈពេលសាកល្បងក្លាយជាកម្មករនិយោជិតពេញសិទ្ធិ ត្រូវបានទទួលប្រាក់ឈ្នួល អប្បបរមាចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ។

         ជាមួយគ្នានេះ ចំពោះកម្មករនិយោជិតដែលទទួលបានប្រាក់ឈ្នួលគិតតាមបរិមាណផលិតផល (ដេរស៊ីបុង) ត្រូវ ទទួលបានប្រាក់ឈ្នួលតាមទិន្នផលជាក់ស្ដែងដែលធ្វើបាន។ បើទិន្នផលការងារទទួលបាននោះលើសពីចំនួន ប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ ខាងលើ ត្រូវទទួលបានតាមចំនួនលើសនោះ។ ប្រសិន បើទាបជាង ប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ ខាងលើ នោះនិយោជកត្រូវបន្ថែមឱ្យគ្រប់ចំនួន ២០២ (ពីររយពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតសាកល្បង និងចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតពេញសិទ្ធិ។

ដោយឡែកសម្រាប់ប្រការផ្សេងៗទៀតក្នុងនេះមានដូចជា ប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។  ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖