ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនៈគិរី ស្រាវជ្រាវនិងឃាត់ខ្លួនពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន តាមដីកាបញ្ជាឲ្យចូលខ្លួន ចេញដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ចាន់ថា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិទេសសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យប្រគល់ជូនសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ស សម