ព័ត៌មានទាន់ហេតុការណ៍៖

ទេសចរអន្តរជាតិរយៈពេល ៨ខែដើមឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ ១៩,៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី៣០​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា​៖ សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិ​សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២ លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។ 

ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២,២៨ លាននាក់។ យើងកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានស្ថិតិទេសចរណ៍ បានប្រមូលរៀបចំចងក្រងស្ថិតិទិន្នន័យទេសចរអន្តរជាតិ ពីគ្រប់ច្រកទ្វារអន្តរជាតិនិងច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេស៕

ដោយ​៖សហការី​


ចែករំលែក៖