ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីមន្រ្តីមន្ទីរបរិស្ថាន បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣យ៉ាងដូច្នេះនេះថា៖ បន្ទាប់ពីបានឃើញការចុះផ្សាយតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធនឹងពលរដ្ឋរស់នៅបន្ទប់ជួលជាប់រោងចក្រ Diamond Plastic កាលថ្ងៃទី១១ ខែកញ្ញាថ្មីៗនេះ បានកំពុងរងផលប៉ះពាល់ពីការបំភាយក្លិនស្អុយប្លាស្ទិកនោះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចាត់ក្រុមការងារមន្ទីរចុះសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយភ្លាមៗ។
មន្រ្តីដដែល បានគូសបញ្ជាក់ថា៖ ជាក់ស្ដែងតាមការចុះពិនិត្យជឃើញថា សិប្បកម្មផលិតថង់ប្លាស្ទិក Diamond Plastic ពិតជាបានបំភាយក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋពិតមែន។ ក្រោយការចុះមើលជាក់ស្តែង មន្ទីរបរិស្ថានបានចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់បរិស្ថាន ដោយអនុវត្តវិធានការផាកពិន័យចំពោះសិប្បកម្មចំនួន ២លានរៀលផងដែរ។
បន្ថែមពីនេះ តំណាងក្រុមការងារមន្ទីរបរិស្ថាន ក៏បានលើកឡើងថា នេះជាវិធានការជំហានទី១ ហើយមន្ទីរនឹងបន្តតាមដានសកម្មភាពសិប្បកម្មខាងលើបន្តទៀត។ ប្រសិនបើសិប្បកម្មនៅតែបន្តបង្កផលប៉ះពាល់ដល់ពលរដ្ឋ បន្តទៀត មន្ទីរបរិស្ថាននឹងស្នើសុំគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន ដើម្បីផ្អាកដំណើរសិប្បកម្មខាងលើតែម្ដង៕
ដោយ៖សហការី