ខេត្តពោធិ៍សាត់៖ បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ទឹកស្ទឹងពោធិ៍សាត់ បានបន្តស្រកចុះ ដោយទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ស្ថិតនៅក្រោមកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៥ម៉ែត្រ ,នេះបើគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ។
សូមជម្រាបជូនថា នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ផ្ទះប្រជាពលរដ្ឋតាមទីតាំងមួយចំនួនដែលបានជន់លិចកាលពីម្សិលមិញបាន ស្រកទៅវិញហើយ តែទីតាំងដែលមានទឹកបែកវាលនៅតែបន្តលិចលង់ដដែល នៅវាលស្រែចម្ការជាច្រើនពាន់ហិកតា ដែលលិចលង់ កំពុងប្រឈមនិងការខូចខាត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តពោធិ៍សាត់ នៅតែបន្តដឹកនាំកម្លាំង ចុះអន្តរាគមន៍ត្រៀមជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
គួរបញ្ជាក់ថា ក្នុងខេត្តពោធិ៍សាត់ មានក្រុង-ស្រុកចំនួន៤ បានជន់លិចដោយសារជំនន់ទឹកភ្លៀង រួមមាន៖ ក្រុង ពោធិ៍សាត់ ស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង ធ្វើឲ្យប៉ះពាល់ស្រែចម្ការជាច្រើនពាន់ហិកតា ប៉ះពាល់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ហើយប្រជាពលរដ្ឋជាច្រើនត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងខូចខាតផ្លូវថ្នល់ស្ពានជាច្រើនកន្លែងផងដែរ៕
ដោយ៖សហការី