ខេត្តព្រះវិហារ ៖ ប្រាសាទនៅតំបន់កោះកេរភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២) ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ ។
សំណង់ប្រាសាទកោះកេរ ឬប្រាសាទធំនេះ សាងសង់ឡើង សំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា “កម្រតែងដ៏រាជា” ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។
អ្នកស្រាវជ្រាវបានរកឃើញសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទនៅតំបន់កោះកេរក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ៤ជ្រុង។ សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរបានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ហេីយត្រូវបានសម្រេចចុះក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌ រូបិយ នៃ មនុស្សជាតិ របស់ អង្គការ យូណេស្កូ នា ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ៕
ដោយ ៖ សហការី