ភ្នំពេញ ៖ នៅក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការយកចិត្តទុកដាក់លើការងារមនុស្ស វ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា។ នេះជាប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាឱកាស អបអរសាទរ “ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ” ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣
ក្រោមប្រធានបទ “ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា” ។
សម្តេចធិបតីថ្លែងថា : ជាក់ស្ដែង រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យ សង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស និងក្នុងមុំទី៤ “ការ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន ៤ គឺ៖
-១)ចីរភាពនៃកម្មវិធី ។
-២)លទ្ធភាពអាចទ្រទ្រង់បាននៃថវិកា ជាតិ។
– ៣)ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយ រងគ្រោះ និងងាយរងហានិភ័យ ។
– និង៤)ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍ ជាប្រព័ន្ធ។
ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍ និងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់។ មនុស្សវ័យចាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ សកម្មភាពប្រកបដោយ សប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែង ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេស មនុស្សចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងសង្គម ជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា : ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវ ការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងសូមកោតសរសើរចំពោះកាកបាទក្រហម កម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាព គាំទ្រប្រកបដោយមនុស្សធម៌ និងសាមគ្គីធម៌ចំពោះមនុស្សវ័យចាស់នៅតាមសហគមន៍នានា។ ជាមួយគ្នានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដល់ស្ថានីយវិទ្យុនិងទូរទស្សន៍បាយ័ន ដែលបានបង្កើតកម្មវិធីផ្ទះ ទេវតាដើម្បីជួយសាងសង់ផ្ទះជូនជនចាស់ជរាក្រីក្រគ្មានទីពឹងបានស្នាក់នៅសមរម្យរាប់រយខ្នងនាពេលកន្លងមក។
នាយករដ្ឋមន្ត្រីថ្លែងថា : អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរា គឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃដែលបានធ្វើចំពោះមនុស្សជំនាន់មុនគឺពិតជាបាន បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រនិងត្រងត្រាប់តាម ដែលយើងនឹងបានទទួលនូវភាពកក់ក្ដ ពោរពេញដោយក្តីសង្ឃឹមនិងជឿជាក់ថា កូនចៅជំនាន់ក្រោយនឹងជួយទំនុកបម្រុងបានល្អដូចដែលយើងបាន ទំនុកបម្រុងដល់មនុស្សចាស់ជំនាន់មុនដែរ។
ក្នុងស្មារតីនិងអត្ថន័យដូចបានគូសបញ្ជាក់ខាងលើ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ មនុស្សវ័យចាស់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការអំពាវនាវដូចតទៅ៖
១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់និងគាំទ តាមគ្រប់មធ្យោបាយដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង។
២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយនៅពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខនិងជួយឧបត្ថម្ភ ដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍។
៣- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា សូមជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរា
មានជំងឺក្រីក្រគ្មានទីពឹង។
៤- កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុនិងទូរទស្សន៍ ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារ ថវិកា បច្ចេកទេសសម្រាប់ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាននិងកំពុងជួបប្រទះ ការលំបាក ទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
៥- សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សូមបន្តយកចិត្តទុកដាក់ ផ្តល់ការអប់រំសីលធម៌និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតគ្រប់រូបឱ្យចេះគោរពព្រឹទ្ធាចារ្យនិងចេះថែទាំ មនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរយើង។
៦- គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើង ជាពិសេសត្រូវអប់រំកូនចៅនិងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរព ព្រឹទ្ធាចារ្យ។
៧- សូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក គ្មានទីពឹង ឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌលមនុស្សចាស់ ជាពិសេសនៅទីវត្តអារាមវិហារសាសនាដែលអាចជួយផ្ដល់ជាទីជម្រកឬអាហារទៅតាមលទ្ធភាពដែលអាចធ្វើបាន។
៨- គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន សូមជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវស្នាដៃ និងសមិទ្ធផលនានាដែលមនុស្សវ័យចាស់បានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានាដែលបង្ហាញអំពីការយកចិត្តទុកដាក់និង លើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់នៅក្នុងសង្គមកម្ពុជាយើង។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយនិងប្រគេនពរសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅ ចៅទួតរបស់ព្រះអង្គយូរអង្វែងតរៀងទៅ និងសូម ប្រសិទ្ធពរជ័យជូនសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ ព្រឹទ្ធាចារ្យ ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា