ខេត្តស្វាយរៀង ៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀងនិងភរិយា ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ទីវ សុភា បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌនេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេសកម្ពុជា។
លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រពិសេសក្នុងខេត្តស្វាយរៀងដែលមានលោក ប៉េងពោធ៏សា ជាអភិបាលខេត្តស្វាយរៀងផងដែរ។
លោកបានបន្ថែមថានេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្តតែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណកម្មការវត្តឬភូមិបានមូលមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ ៕
ដោយ៖ សុថាន