ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកធ្វើចរាចរណ៍ផ្លូវមួយចំនួន​ក្នុង​ខេត្ត​សៀមរាប​ ខណៈ​ស្ថានភាពជំនន់ទឹកភ្លៀង​វាយប្រហារ

ចែករំលែក៖

ខេត្តសៀមរាប៖ យោង​តាមប្រភពព័ត៍មានពី​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានសម្រេច​ផ្អាកធ្វើចរាចរណ៍រថយន្តធន់ធ្ងន់ តាមបណ្ដោយផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយយោងលើស្ថានភាពទឹកភ្លៀង ក្នុងវដូវវស្សាឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់-ស្ពាន។

ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងដែលបាន និងកំពុងជន់ឡើង ជាហេតុបណ្ដាលឱ្យ លិចលង់នៅតាម​កំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះ​ធ្វើឱ្យផ្លូវថ្នល់- ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញ​ធុនធ្ងន់បាន។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តសៀមរាប សូមធ្វើការ ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ន​លើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦៨ (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន សេចក្តីជូនដំណឹង​សារជាថ្មី។

ជាមួយគ្នានេះ​ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប​ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះការចូល រួមសហការអនុវត្តរបស់លោក ​លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួម​ចំណែក​ថែរក្សា ផ្លូវថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕​

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​របស់​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​សៀមរាប​៖

ដោយ​៖សហការី


ចែករំលែក៖