ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំនួនភ្ញៀវទេសចរបរទេស មកកាន់ប្រទេសកម្ពុជា មានការធ្លាក់ចុះដោយ សារការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្ដែបច្ចុប្បន្នមានចំនួនកើនឡើងបន្តិចវិញហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិកូវីដ ធ្វើឲ្យប៉ះពាល់ដល់ចំនួនទេសចរណ៍ទាំងកម្ពុជានិងថៃដូចតែគ្នា។ សម្ដេចបានសាកសួរទៅកាន់ភាគីថៃកាលពីពេលថ្មីៗនេះថាបានប៉ុន្មានភាគរយ? សម្ដេចថា : ថៃកាលមុនកូវីដ ៤០លាននាក់ ប៉ុន្ដែឥឡូវកើនវិញបានត្រឹមប្រហែល ៦០%ប៉ុណ្ណោះ ដែលនេះសឲ្យឃើញថា គ្រប់ប្រទេសទាំងអស់ប៉ះពាល់។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានសាកសួរទៅកាន់អភិបាលខេត្តសៀមរាប ថាតើចំនួនភ្ញៀវទេសចរបរទេស កើនឡើងប៉ុន្មានឲ្យពិតប្រាកដ? ដោយសម្ដេចបន្ថែមថា រឿងទិន្នន័យរបស់ក្រសួងទេសចរណ៍ជារឿងមួយ តែសម្ដេចចង់ដឹងបន្ថែមពីអាជ្ញាធរផ្ទាល់ នៅខេត្តសៀមរាប។
យោងតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត, លោកអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា «គាត់ថា យើងបង្កើនហើយ ណាមួយទៀតឥឡូវមិនទាន់ដល់ហៃស៊ីស៊ិន វាទើបតែចាប់ផ្ដើម ហៃស៊ីស៊ិន វាចាប់ផ្ដើមពីពាក់កណ្ដាលខែ ១០ ដល់ខែ ៣ ពេលហ្នឹងបានមនុស្សមកច្រើន ដោយសារស្រុកគេ គេវ៉ាកងគេអី គេនឹងមក»។
ទន្ទឹមនឹងនេះដែរ សម្ដេច ហ៊ុន ម៉ាណែត បានធ្វើការណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ថោង ខុន និង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យលើយន្ដការនានា ដើម្បីដោះស្រាយបញ្ហាទេសចរណ៍នេះ ថាតើមានបញ្ហាអ្វីខ្លះ?។
សម្ដេចធិបតី បានរំលេចថា ក្នុងពេលជួបពិភាក្សាជាមួយមេដឹកនាំប្រទេសមួយចំនួន ជាពិសេសនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីហ្វីលីពីនជាដើម សម្ដេច តែងតែជំរុញឲ្យមានកិច្ចសហប្រត្តិការទៅលើវិស័យទេសចរណ៍ ពិសេសជំរុញឲ្យទេសចរណ៍បរទេសមកកាន់ប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើន។
សូមជម្រាបជូនថា ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងគ្រា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា : មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជូនដំណឹងថា កំណាត់ផ្លូវមួយចំនួនក្នុងខេត្តសៀមរាបជន់លិចរងការជន់លិច ដែលត្រូវសម្រេចផ្អាកចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នសិន ដើម្បីរួមចំណែកថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។
កំណាត់ផ្លូវដែលត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្ននោះមានដូចជាកំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក- អូរប្រាំព្យា – ព្រំប្រទល់ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង) ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក) ផ្លូវខេត្តលេខ២៦៦៨ (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ) ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន) ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម) ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ -ស្រែណូយ) ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)។
ការសម្រេចផ្អាកចរាចរណ៍ត្រង់កំណាត់ផ្លូវដែលរងការជន់លិច ក៏ដើម្បីថែរក្សា ផ្លូវ ឱ្យនៅគង់វង្សយូរអង្វែង និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយដល់មនុស្ស និងសត្វ។
ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា កម្ពុជានឹងបន្តធ្លាក់ភ្លៀងពីបង្អួរទៅច្រើន ដែលធ្វើឱ្យតំបន់ឆាប់ងាយរងគ្រោះអាចនឹងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ដែលទាមទារឱ្យពលរដ្ឋប្រុងប្រយ័ត្ន៕
ដោយ ៖ សហការី