ខេត្តកំពត៖ លោកឧត្តសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសចាត់វិធានការ និងបណ្ដេញចេញពីក្របខណ្ឌចំពោះមន្ត្រីនគរបាលក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តកំពតរូបណា ដែលមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ចំពោះការប្រកាសព្រមានបណ្ដេញចេញពីក្របខណ្ឌពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមដ៏ក្ដៅគគុករបស់ជាតិ ដែលត្រូវដោះស្រាយជាបន្ទាន់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់នូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដីកង្វល់របស់ជាតិ តំបន់ និងសកលលោកទាំងមូល។
លោកឧត្តសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រកាសជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះថា៖ «ក្នុងករណីមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពតរូបណាដែលពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ»។ ការប្រកាសរបស់ស្នងការនគរបាលខេត្តកំពតនេះទៀតសោត ក៏ស្របពេលក្រសួងការពារជាតិ ទើបតែសម្រេចលុបឈ្មោះនាយកទាហាននៃកងយោធពលខេមរភូមិន្ទម្នាក់ ចេញពីក្របខណ្ឌ កាលពីពេលថ្មីៗនេះ ក្រោយនាយទាហានរូបនេះ បានប្រើប្រាស់គ្រឿងញៀន។
គួរជម្រាបជូនថា កាលពីពេលថ្មីៗនេះលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានជំរុញឱ្យបន្តទប់ស្កាត់ការផលិត ចែកចាយ ជួញដូរគ្រឿងញៀន ដោយរកវិធីសាស្ត្រថ្មីៗផ្សេងទៀត ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានបញ្ហាគ្រឿងញៀននៅក្នុងសង្គម។ លោករដ្ឋមន្រ្តី ស សុខា ថែមទាំងបានព្រមានដកក្របខណ្ឌមន្ត្រី ឬកងកម្លាំងប្រដាប់អាវុធរូបណា ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ៕
ដោយ៖ សហការី