ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទីហ្វុង Koinu សំដៅទៅកោះតៃវ៉ាន់ សាលារៀនត្រូវបិទទ្វារ ជើងហោះហើរត្រូវលុបចោល

ចែករំលែក៖

សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា កោះតៃវ៉ាន់នៅថ្ងៃពុធនេះបានលុបចោលជើងហោះហើរ បិទសាលារៀន ព្រមទាំងការិយាល័យជាច្រើនជាបណ្ដោះអាសន្ន ខណៈដែលព្យុះទីហ្វុង Koinu កំពុងបក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន។
ព្យុះទីហ្វុង Koinu ត្រូវបានរំពឹងថានឹងនាំមកជាមួយនូវខ្យល់បក់ខ្លាំង និងធ្វើឱ្យមានរលកទឹកសមុទ្រឡើងដល់កម្ពស់៧ម៉ែត្រ នៅតាមបណ្ដោយឆ្នេរភាគខាងត្បូង។ ដោយមានពីការព្រមាននេះ អាជ្ញាធរក្នុងតំបន់បានសម្រេចចិត្តបិទសាលារៀននិងការិយាល័យក្នុងតំបន់ Pingtung និង Taitun រួមទាំងកោះ Penghu និង Green Island ជាបណ្ដោះអាសន្ន។ ព្យុះទីហ្វុងនេះកំពុងស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីតំបន់ឆ្នេរភាគខាងត្បូងបំផុតនៃកោះតៃវ៉ាន់ជាមួយល្បឿនខ្យល់បក់១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចឡើងដល់អតិបរមា១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះទីហ្វុង Koinu ត្រូវបានព្យាករថានឹងបក់បោកទៅដល់ដីគោកនៃភាគខាងត្បូងកោះតៃវ៉ាន់ មុនរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលជើងហោះហើរអន្តរជាតិច្រើនជាង៥០ជើង និងជើងហោះហើរក្នុងស្រុកនៅទូទាំងតំបន់ឆ្នេរភាគខាងត្បូងត្រូវបានលុបចោល៕

ដោយ៖ ធីរីណា(រូប​ថត​៖ marketinginasia.com )


ចែករំលែក៖