ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យ កងកម្លាំងមានសមត្ថកិច្ចទាំង១៤ខណ្ឌបន្ដចុះត្រួតពិនិត្យទីតាំងស្នាក់នៅ រួមនិងក្លឹបកំសាន្តទាំងអស់ ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេស គ្រឿងញៀន និងការជួញដូរមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី បានជំរុញឱ្យ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួមនិងក្លឹបកំសាន្តទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ ឱ្យបានល្អ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ ប្រភេទ ។ 

    លោកឃួង ស្រេង បានជំរុញបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ  នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

 លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួមនិងក្លឹបកំសាន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខអោយបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេស ទប់ស្កាត់ ការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្សគ្រប់ទម្រង់។ គណៈកម្មការនេះ ត្រូវតែចេញដំណើរជាបន្ទាន់ ហើយការចុះត្រួតពិនិត្យនោះ ដាច់ខាតត្រូវធ្វើកំណត់ហេតុនិងចុះហត្ថលេខាពីម្ចាស់ទីតាំងដែលមានភាគហ៊ុនធំជាងគេ មិនអនុញ្ញាត្តិអោយមេការគ្រប់គ្រងមកទទួលខុសត្រូវចុះហត្ថលេខាជំនួសនោះទេ។ ការងារនេះត្រូវតែក្តាប់អោយបាន បើយើងក្តាប់ស្ថិតិនេះមិនបាន តើយើងធ្វើអីកើត។ លោកបន្តថា ចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះជារឿងសំខាន់ ដែលយើងត្រូវពង្រឹងនិងគ្រប់គ្រងអោយបាន ដើម្បីកុំអោយក្រុមសង្គមងងឹតធ្វើសកម្មភាពបាន។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវតែគ្រប់គ្រងមនុស្សចេញ-ចូលរាជធានីភ្នំពេញអោយបាន ។ ការរិតបណ្តឹងខ្លាំង វាមិនប៉ះពាល់ដល់វិស័យទេសចរណ៍ទេ បើរាជធានីភ្នំពេញយើងមានសន្តិសុខល្អប្រសើរ  នោះអ្នកទេសចរណ៍បរទេសគេនឹងមកលេងរាជធានីភ្នំពេញរបស់យើងកាន់តែច្រើនហើយ។ ការរិតបណ្តឹងខាងលើនេះត្រូវអនុវត្តចាប់ពីពេលនេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ បន្តដល់បុណ្យអ៊ុំទូកនិងបន្តរហូតទៅ។

     លោក ឃួង ស្រេង បានបន្ថែមទៀតថា ក្រៅពីវិធានការខាងលើហើយនោះ ការដាក់កម្លាំង ពិនិត្យអាវុធជាតិផ្ទុះ ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការបង្រ្កាបល្បែងស៊ីសងនៅតាមមូលដ្ឋាន ក៏រឿងសំខាន់ ដែលត្រូវតែអនុវត្តអោយមានប្រសិទ្ធភាព ជាមួយនិង ការចុះពង្រឹងសន្តិសុខ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់ស្មុកស្មាញអោយបាន២៤ម៉ោងលើ២៤ម៉ោង ដើម្បីអោយប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ៕

ដោយ៖ សំរិត


ចែករំលែក៖