ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ដូមីនិច វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក ដូមីនិច វីល្លៀម ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី និងបានគូសបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏បានសម្តែងនូវការរីករាយចំពោះភាពរីកចម្រើន និងសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរដែលមានស្រាប់ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែល បានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងបានសម្តែងការ អបអរសាទរផ្ទាល់ចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុង នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ នៃការអញ្ជើញចូល រួមរបស់ សម្ដេចធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី និងជោគជ័យនៃការចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើក ទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ជាកិច្ចបន្ទាប់ លោកឯកអគ្គរាជទូត បានគោរពជម្រាបជូន សម្តេចធិបតី អំពីការរៀបចំកិច្ចសន្ទនា នយោបាយរវាងប្រទេសទាំងពីរ ដែលរួមមានជាពិសេស៖ ការបើកសាកលវិទ្យាល័យអង់គ្លេសដំបូង និងសាលាឯកជន ចំនួន២របស់អង់គ្លេសនៅព្រះរាជាណាចក្រកម្ពុជា ការចូលចតធ្វើទស្សនកិច្ចជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា
៊របស់នាវាកងទ័ពជើងទឹកអង់គ្លេស និងការទទួលនិស្សិតការពារជាតិលើកដំបូងនៅរាជបណ្ឌិតសភាយោធា Sandhurst នៃចក្រភពអង់គ្លេស ព្រមទាំងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ លោក ឯកអគ្គរាជទូត បានបញ្ជាក់អំពីការបន្តគាំទ្ររបស់អង់គ្លេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះនៅកម្ពុជារហូតដល់ឆ្នាំ២០២៥ និងបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការនាំវិនិយោគិនអង់គ្លេស មកវិនិយោគលើ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតឡើងវិញ ផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ដែលបានបញ្ចូលកម្ពុជា ទៅក្នុងគម្រោងពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (The Developing Countries Trading Schemes – DCTS) ដែលអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលទៅកាន់ចក្រភពអង់គ្លេស ក្រោមប្រព័ន្ធអនុគ្រោះពន្ធថ្មី នៃ គម្រោងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។ សម្ដេចធិបតី ក៏បានស្វាគមន៍ និងជំរុញបន្ថែមទៀត ឱ្យមានកិច្ច សហប្រតិបត្តិការលើវិស័យយោធា ដូចជា ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេស និងលើវិស័យអប់រំ តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅចក្រភពអង់គ្លេស។ ចំពោះចំណាប់អារម្មណ៍លើ ការវិនិយោគទៅលើវិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតឡើងវិញ សម្ដេចធិបតី បានលើកទឹកចិត្ត ដល់ ឯកឧត្តមឯកអគ្គរាជទូត បន្តធ្វើកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្តទៀត។
ជាកិច្ចបញ្ចប់ សម្ដេចធិបតី និង លោកឯកអគ្គរាជទូត ដូមីនិច វីល្លៀម បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។ សម្ដេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ លោកឯកអគ្គរាជទូត ក្នុងការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជូនពរ លោកឯកអគ្គរាជទូតឱ្យទទួលបាន ជោគជ័យនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាបន្តបន្ទាប់ទៀត៕
ដោយ ៖ សិលា