ខេត្តក្រចេះ ៖ កម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ អនុវត្តតាមផែនការសកម្មភាពរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការចង្អុលណែនាំពីំសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ។ កម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន ក៏ដូចជាកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានបន្តសកម្មភាពចាប់ឃាត់ក្រុមទំនើងប្រុស-ស្រី បានជាច្រើននាក់ជាបន្តបន្ទាប់ ខណៈពួកគេតែងតែបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សុខសណ្តាប់ធ្នាប់សង្គម។ ក្នុងនោះមួយចំនួនត្រូវបាននគរបាលធ្វើការអប់រំ និងធ្វើកិច្ចសន្យា ប្រគល់ឲ្យទៅអាណាព្យាបាលយកទៅអប់រំបន្ត និងមួយចំនួនទៀតត្រូវបានចាត់ការបន្តតាមនីតិវិធី។
ដើម្បីចូលរួមរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមអំពាវនាវដល់អាណាព្យាបាល សូមបន្តយកចិត្តទុកដាក់អប់រំទូន្មាន ណែនាំពួកគេ កុំអោយប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិ ៕
ដោយ ៖ សិលា