ភ្នំពេញ ៖ នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្លូវថ្នល់ ដើម្បីពិនិត្យពិភាក្សាទៅលើសៀវភៅពង្រាងបទដ្ឋានបច្ចេកទេសសាងសង់ត្រង់ចំណុចផ្លូវប្រសព្វ នៅតាមបណ្តាផ្លូវនានា ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធរបស់អង្គភាពក្រោមឱវាទ នៅទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើខ្លឹមសារ ដំណើរការរចនាប្លង់ និងវិមាត្រនៃការសាងសង់នៅចំណុចប្រសព្វរង្វង់មូល និងផ្លូវខ្នែងបំបែកប្តូរទិសចរាចរណ៍ ដែលបទបទដ្ឋានបច្ចេកទេសទាំងនេះទទួលបានការបណ្តុះបណ្តាល និងផ្តល់ជាឯកសារជំនួយពីក្រុមការងារបច្ចេកទេស Austroads របស់ប្រទេសអូស្ត្រាលី។
សៀវភៅពង្រាងនេះបានផ្តល់ព័ត៌មាន និងការណែនាំចាំបាច់សម្រាប់អ្នករចនាផ្លូវ ដើម្បីរៀបចំគំនូរប្លង់ធរណីមាត្រលម្អិត ការយកចិត្តទុកដាក់ទៅលើសុវត្ថិភាព បរិមាណចរាចរណ៍ និងពិចារណាលើតម្រូវការពង្រីកផ្លូវនាពេលអនាគត ដែលមានលក្ខណៈគ្រប់គ្រាន់ជួយសម្រួលដល់ការងារសាងសង់។
លោករដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារឱ្យយកចិត្តទុកដាក់រៀបចំសៀវភៅពង្រាងនេះឱ្យចេញជារូបរាងឡើង ដើម្បីទុកជាឯកសារគោលក្នុងការអនុវត្តការងារសាងសង់ផ្លូវថ្នល់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត៕
ដោយ៖ ស សម