ព័ត៌មានទាន់ហេតុការណ៍៖

បុស២នាក់ស្លាប់និង៣នាក់ទៀតរងរបួសដោយសាររថយន្តធុនធំដឹកស្ករសរេចង្កូតទៅបុករះរថយន្តនិងម៉ូតូ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានបុរស២នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួស ដោយសាររថយន្តធុនធំដឹកស្ករសរេចង្កូតទៅបុករះរថយន្តនិងម៉ូតូរួចក្រឡាប់សង្កត់នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិ.ឃុំកូប ស្រុកអូរជ្រៅ ។

នគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញម៉ូតូហុងដាឌ្រីម១គ្រឿងជិះគ្នា២នាក់ជាបុរសនិងរថយន្តកាមរីបាឡែនពាក់ផ្លាកលេខភ្នំពេញ2AL.5063បានបើកបរស្របទិសគ្នាពីកើតទៅលិច ហើយមានរថយន្តធុនធំ១គ្រឿងដឹកស្ករសពេញដែលបើកបរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងឆ្វេងដៃបុករះរថយន្តនិងម៉ូតូបណ្តាលឱ្យក្រឡាប់សង្កត់អ្នកជិះម៉ូតូស្លាប់២នាក់ ចំណែកអ្នកបើកបររថយន្តបង្កហេតុអ្នករួមដំណើររងរបួស៣នាក់មានក្មេងម្នាក់ត្រូវបានសង្គ្រោះ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកដល់សម្រួលចរាចរណ៍ហើយវាស់វែងរួចបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំដឹកទំនិញបានបើករេចង្កូតទៅបុករថយន្តកាមរីបាឡែនឡើងខ្ទេចមុខហើយក្រឡាប់សង្កត់អ្នកជិះម៉ូតូស្លាប់២នាក់និងរងរបួសអ្នករួមដំណើរជាមួយរថយន្តធំ(រថយន្តបង្ក)

៣នាក់។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ជនរងគ្រោះដែលជាអ្នកជិះម៉ូតូស្លាប់២នាក់ក្រោយវាស់វែងហើយត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅដឹកបញ្ជូនសពប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីនៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ រីឯរថយន្តបង្កនិងរថយន្តរងគ្រោះរួមទាំងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយគ្នាតាមច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖