ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរ២នាក់ប្តីប្រពន្ធត្រឡប់មកពីធ្វើការនៅប្រទេសថៃដល់អូរព្រំដែនស្រាប់តែសម្រាលកូនត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍សង្គ្រោះឆ្លងទឹកជំនន់កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នៅចំណុចភូមិ.ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សុខ ចន្ថា ជំនួយការសេនាធិការវរសេនាតូចថ្មើរជើងលេខ៥១១បានប្រាប់ថា៖ ពលករដែលត្រឡប់ពីប្រទេសថៃ២នាក់ប្តីប្រពន្ធនោះប្តីឈ្មោះ វ៉ាន់ ដេត អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ណាវិន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកបានបញ្ជាក់ថា៖ ពលករខ្មែរ២នាក់ប្តីប្រពន្ធនិងកូនប្រុសម្នាក់ត្រឡប់មកពីធ្វើការនៅប្រទេសថៃតាមច្រករបៀងខុសច្បាប់បានឈឺពោះសម្រាលកូនក្នុងទឹកដីថៃជាប់ព្រំដែនត្រូវបានកម្លាំងជួយអន្តរាគមន៍យកធុងលាយស៊ីម៉ងត៍ដាក់ឆ្លងអូរព្រំដែនខណៈទឹកកំពុងជន់និងហូរខ្លាំងរួមនឹងកូនប្រុសម្នាក់ហើយស្ត្រីសម្រាលកូនត្រូវបានដឹកតាមម៉ូតូកង់បីទៅកាន់មណ្ឌលសុខភាពបឹងបេង ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រី សុខ ចន្ថា បានបញ្ជាក់ថា៖ ក្រោយពេលដែលជួយសង្គ្រោះពលករខ្មែរ១គ្រួសារដែលប្រពន្ធមានផ្ទៃពោះហើយសម្រាលកូននៅក្បែរអូរព្រំដែនថៃ-កម្ពុជានោះត្រូវបានជួយអន្តរាគមន៍ទាន់ពេលវេលាសម្រាប់ប្រជាពលរដ្ឋអោយមានសុវត្ថិភាពគ្រប់គ្រាន់៕
ដោយ ៖ វណ្ណា