ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការជ្រើសរើសនាយកសាលារៀន ដែលមានសមត្ថភាពក្នុងការដឹកនាំសាលារៀនឆ្ពោះទៅរកគុណភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាយកសាលារៀនគឺជាកត្តាសំខាន់ណាស់ ព្រោះជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុង ហើយនាយកសាលាជះឥទ្ធិពលទៅលើបរិស្ថានសាលារៀនផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនាយកសាលាគឺជារឿងចាំបាច់ ដើម្បីធានាគុណភាពនៃការអប់រំ និងគុណភាពនៃការគ្រប់គ្រងសាលារៀន។
ថ្លែងនៅក្នុងអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ដើម្បីអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភ នៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ) សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវតែធ្វើការកំណែទម្រង់លើវិស័យអប់រំ ដោយគ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយៗទៀត៕
ដោយ ៖ សិលា