ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់សិស្សានុសិស្សថាមានឥរិយាបទល្អ និងមានភាពឆ្លាតវៃដោយចេះបង្កើតកម្មវិធីសិក្សាដោយខ្លួនឯង ចេះសិក្សាស្រាវជ្រាវ និងការបង្កើតរូបមន្តសមីការ ហើយចេះដោះស្រាយបានទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នាព្រឹក០៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា សិស្សពីមុនរៀនសូត្រមានការលំបាកច្រើន ខុសគ្នាឆ្ងាយពីសិស្សានុសិស្សសម័យបច្ចុប្បន្នដែលសំបូរសាលារៀន សំបូរគ្រូបង្រៀន និងមានប្រភពស្រាវជ្រាវដ៏សំបូរបែប។ សម្តេចថា ប្រភពមានច្រើនគឺសម្រាប់ជំនួយស្មារតីក្នុងស្រាវជ្រាវ បង្កើនចំណេះដឹងដល់ការរៀនសូត្ររបស់សិស្សានុសិស្ស អមជាមួយសិស្សានុសិស្សមានឥរិយាបទល្អថែមទៀត នឹងនាំមកនូវការសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យ មានអនាគតល្អសម្រាប់សង្គមជាតិ។
សូមបញ្ជាក់ថា : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងការអប់រំចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងឲ្យវិស័យអប់រំនៅកម្ពុជាកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវតែធ្វើការកំណែទម្រង់លើវិស័យអប់រំ ដោយគ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយៗទៀត។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «មូលដ្ឋាននៃការអប់រំ ត្រូវគិតហើយ ដោយយើងផ្ដោតទៅលើការពង្រឹងថ្នាក់មូលដ្ឋានពីមតេយ្យដល់ទី១២ ពង្រឹងអាហ្នឹងបានវិស័យអប់រំយើងខ្លាំងហើយ មែនថានិយាយចឹងរដ្ឋាភិបាលអត់គិតគូរពីពង្រឹងឧត្ដមសិក្សា អត់គិតគូរ អត់ទេ យើងពង្រឹងដូចគ្នាបន្តទៀត»។
នៅក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀននេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដំឡើងប្រាក់បៀវត្សឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ដែលជាគរុសិស្សកំពុងសិក្សាដោយអនុវត្តតាមរូបមន្តបៀវត្សមូលដ្ឋាន បូកនឹង៧០ភាគរយបន្ថែម។ ការដំឡើងបៀវត្សឧបត្ថម្ភថ្មីនេះ បានធ្វើឱ្យបៀវត្សរបស់លោកគ្រូ-អ្នកគ្រូ ជាគរុសិស្សកំពុងសិក្សា ទាបបំផុត (កម្រិត គ)ចំនួន ៩៨ម៉ឺនរៀល៕
ដោយ ៖ សិលា