ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្យងបេីកបំពានភ្លេីងស្តុបបុកម៉ូតូអូសជាង៣០ម៉ែត្របណ្តាលឱ្យនារីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ នារីជាកម្មការីនីរោងចក្រម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈជិះម៉ូតូទៅធ្វេីការត្រូវរថយន្តកូរ៉េ​បេីកបំពានភ្លើងស្តុបជ្រុលទៅបុកអូសជាង៣០ម៉ែត្រ​ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥​ ខែតលា​ ឆ្នាំ២០២៣​ តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣  ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

    ជនរងគ្រោះឈ្មោះ​ សឿន​ ថាវី​ ភេទស្រីអាយុ៣៣ឆ្នាំ​ មុខរបរកម្មការីនីរោងចក្រ​ ស្នាក់នៅភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូហុងដា​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខព្រៃវែង1U-6038 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤២ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដោយឃេីញភ្លេីងស្តុបលោតពណ៌ខៀវក៏ឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1305 ដឹកខ្យង បើកបរដោយឈ្មោះ ជួង វិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ក្នុងល្បឿនលឿនបំពានភ្លេីងស្តុបក៏ជ្រុលទៅបុកម៉ូតូស្ត្រីរងគ្រោះអូសជាង៣០ម៉ែត្រ ទើបរថយន្តឈប់ ហើយស្លាប់ស្ត្រីរងគ្រោះភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូខ្ទេចស្ទើរទាំងស្រុង សមត្ថកិច្ចប្រចាំគោលដៅឃាត់បានអ្នកបើកបររថយន្តភ្លាមៗ។

   ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ បានចុះទៅអន្តរាគមន៍ ប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ចំណែកឯរថយន្តបង្ក អ្នកបើកបរ និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖