ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការធ្វើកំណែទម្រង់ដែលយើងត្រូវផ្តោតធ្វើជាប្រចាំប្រកបដោយនិរន្តរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៅក្នុងបញ្ចកោណទី១ រាជរដ្ឋាភិបាល ផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើ ការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងការអប់រំកាយនិងកីឡា៕

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាក្នុងការដឹកនាំរបស់លោកក្នុងអាណត្តិនេះគឺត្រូវពង្រឹងនៅគុណភាពទាំងមណ្ឌលសុខភាព និងសាលាទូទាំងប្រទេស។

ថ្លែងនៅក្នុងទិវាគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបំណងក្នុងការធ្វើវិមជ្ឈការអំណាចក្នុងការរើសនាយកសាលាទៅឲ្យថ្នាក់ខេត្ត រាជធានីជ្រើសរើស ដោយថានឹងអាចធ្វើឲ្យប្រព័ន្ធអប់រំមានគុណភាពបន្ថែមទៀត។

សម្ដេចអធិបតីបានលើកឡើងថា នាយកសាលាគឺជាបុគ្គលសំខាន់ដែលធ្វើឲ្យការអប់រំមានការរីកចម្រើន។

ជាមួយគ្នានេះសម្ដេចធិបតីបានប្រកាសថា ក្នុងអាណត្តិរបស់សម្ដេចគឺនឹងធ្វើឲ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល៕

ដោយ ៖ សិលា


ចែករំលែក៖