ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
*សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងប្រសាសន៍ផ្ដល់ការសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលសម្រេចបានលទ្ធផលជាក់ស្ដែង ក្នុងវិស័យអប់រំជាច្រើន រយៈពេលកន្លងមកនេះ ពិសេសការបង្កើតសាលាជំនាន់ថ្មី រួមនឹងសមិទ្ធផលវិស័យអប់រំជាច្រើនទៀត ដែលបង្កើតបាននូវធនធានមនុស្សល្អៗជាច្រើន សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
*សម្ដេចធិបតី ថ្លែងថា បានណែនាំដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យសិក្សាលើយន្តការដើម្បីធ្វើវិមជ្ឈការក្នុងការជ្រើសរើសនាយកសាលា ដើម្បីធានាដល់ការជ្រើសរើសនាយកសាលាឱ្យកាន់តែមានប្រសិទ្ធភាព។ សម្ដេចធិបតី ចាត់ទុកនាយកសាលា ជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងសាលារៀនឱ្យភាពរឹងមាំ ក៏ដូចជាការលើកកម្ពស់គុណភាពនៅក្នុងសាលារៀន។
*សម្តេចធិបតី ថ្លែងថា វិស័យអប់រំ ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)។
*សម្ដេចធិបតី ប្រកាសណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ពីព្រោះនាយកសាលាគឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា។ សម្ដេចណែនាំដល់ក្រសួងអប់រំ ត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលានេះមកសម្ដេចពិនិត្យ និងសម្រេច។
*សម្តេចធិបតី ថ្លែងថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេសជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។
*សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស ខណៈបច្ចុប្បន្នគ្រូបង្រៀន ក្របខណ្ឌ (ក) ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជិត ១លានរៀល។
*សម្ដេចធិបតី ប្រកាសសម្រេចដំឡើងប្រាក់បៀវត្ស៍ឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ជាគរុសិស្សកំពុងសិក្សា ដោយអនុវត្តតាមរូបមន្ត បៀវត្ស៍មូលដ្ឋាន បូកនឹង៧០ភាគរយបន្ថែម។ ការដំឡើងបៀវត្ស៍ឧបត្ថម្ភថ្មីនេះ បានធ្វើឱ្យបៀវត្ស៍របស់លោកគ្រូ-អ្នកគ្រូ ជាគរុសិស្សកំពុងសិក្សា ទាបបំផុត (កម្រិត គ)ចំនួន ៩៨ម៉ឺនរៀល។
*សម្តេចធិបតី ថ្លែងថា កាលពីពេលថ្មីៗនេះ សម្ដេចបានណែនាំឱ្យលុបគម្រោងដែលមិនចាំបាច់តាមបណ្ដាក្រសួងស្ថាប័នមួយចំនួនចោល ក្នុងនោះរាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារ។ ដូច្នេះសម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងអនុវត្តលុបចោលចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន។
*សម្តេចធិបតី ថ្លែងថា ចាប់ពីពេលនេះតទៅត្រូវកាត់បន្ថយ ការដំឡើងឋានន្តរសក្ដិថ្នាក់នាយទាហាន ដោយត្រូវបង្កើនការជ្រើសរើសពលទាហានវិញ ដើម្បីកាត់បន្ថយការចំណាយថវិការបស់ជាតិ។
*សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។
*សម្តេចធិបតី ប្រកាសណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។ សម្ដេចធិបតី អំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស។
*សម្តេចធិបតី ប្រកាសលើកទឹកចិត្តដល់តាមបណ្ដាសាលារៀន ក្រៅពីការបង្រៀនសិស្សតាមមុខវិជ្ជាគោលដែលមានស្រាប់ សាលារៀនក៏ត្រូវបង្រៀនសិស្សបន្ថែមទៀត លើការស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារសង្គមផ្សេងៗបន្ថែមទៀត ដើម្បីឱ្យយុវជនចេះចូលរួមធ្វើកិច្ចការងារក្នុងសង្គមជាតិ។
*សម្តេចធិបតី ប្រកាសណែនាំដល់ក្រសួងអប់រំ និងសាលារៀនចំពោះការផ្ដល់ពិន្ទុដល់សិស្ស កុំគិតតែលើលទ្ធផលលើក្រដាស ប៉ុន្ដែក៏ត្រូវពិនិត្យមើលលើសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់សិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ។
សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រារព្ធទិវាគ្រូបងៀន ៥ តុលា ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹងរៀបចំប្រារព្ធ ពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា»។
កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកចូលរួមដោយផ្ទាល់ចំនួន ២០០០ នាក់។
សេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះក្រសួងអប់រំនឹងរៀបចំកម្មវិធីមួយចំនួនដូចជា ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ «ផ្នែកស្មូតកំណាព្យ និងពានរង្វាន់ សម្តេច ព្រះសង្ឃរាជ ជួន ណាត និងផ្នែកតែងនិពន្ធ» ដល់ជ័យលាភីចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣។ បំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា និងមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ជូនបុគ្គលិកអប់រំ ចំនួន ១១ រូប ដែលបានបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេនៃមុខវិជ្ជានីមួយៗ ក្នុងការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២។ បឋកថា ស្ដីពី «បទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនបឋមសិក្សាឆ្ពោះទៅរកឧត្តមភាព»។ វេទិកាតុមូលលើប្រធានបទ «ទស្សនៈរួមស្ដីពីសាលារៀនគំរូ»៕
ដោយ៖ស តារា