ខេត្តសៀមរាប ៖ ប្រាសាទភ្នំក្រោម ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប ខេត្តសៀមរាប កំពុងក្លាយជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច ហើយជាទីតាំងដែលមានចំងាយពីក្រុងសៀមរាប ប្រហែល១២គីឡូម៉ែត្រប៉ុណ្ណោះ,។ នេះជាការរៀបរាប់ ដោយអង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
បើតាមលោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានឱ្យដឹងថា នៅលើកំពូលភ្នំក្រោមមានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលអាចទាក់ទាញទេសចរទៅទស្សនាមិនចេះដាច់ ព្រោះថាក្រៅប្រាសាទបុរាណនៅលើភ្នំ អ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាន នាបរិវេណផ្នែកខាងកើតប្រាសាទ(ក្រជោម) និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិច យ៉ាងស្រស់ស្អាតអមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប នៅខាងក្រោយប្រាសាទ(ផ្នែកខាងលិច) មានភាពខុសប្លែកពីទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។
លោក រ៉ា ឌី បានឱ្យដឹងទៀតថា ភ្ញៀវទេសចរដែលបានឡើងមកដល់ប្រាសាទភ្នំក្រោម នឹងទទួលបានអារម្មណ៍ស្រស់ស្រាយមួយបែប ដោយអាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្រស់ស្អាត និងផ្លាស់ប្តូរតាមរដូវកាល បើសិនជាអាកាសធាតុអំណោយផលល្អ មិនមានភ្លៀងធ្លាក់ នឹងមើលឃើញផ្ទៃមេឃបញ្ចេញពន្លឺព័ណ៌មាសក្រហមឆ្អៅ។ ជាពិសេសទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ វាលស្រែប្រាំង របស់កសិករនៅជុំវិញនោះ និងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូកឬកាណូតបន្លឺឡើងមិនចេះដាច់ ដោយប្រជានេសាទរស់នៅក្បែរៗនោះ។ ជាពិសេសលំនៅឋានប្រជាពលរដ្ឋជាច្រើនដេដាស់ គួរជាទីចាប់អារម្មណ៍។ ប៉ុន្តែបើមានភ្លៀងធ្លាក់ ឬមេឃស្រទុំវិញ នឹងមើលឃើញផ្ទៃមេឃខៀវស្រងាត់គួរជាទីគយគន់។ មិនតែប៉ុណ្ណោះភ្នំក្រោម ក៏ជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណដ៏ល្អ ក្រៅពីប្រាសាទភ្នំបាខែង។
លោកបានបញ្ជាក់ថា ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅទស្សនានៅបរិវេណប្រាសាទ ភ្ញៀវអាចដើរតាមវង់ទស្សនា នឹងមើលឃើញទិដ្ឋភាពប្លែកៗស្រស់ស្អាត ផ្តិតយករូបភាពទាំងនោះទុកជាអនុស្សាវរីយ៍បាន។ មួយវិញទៀតក្រុមការងារអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ ដោយកាត់ក្រីមែកឈើ បោសសម្អាតអនាម័យបរិស្ថាននៅជុំវិញនោះជាប្រចាំ៕
ដោយ ៖ សហការី