ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្ដម្ភនៃសាលារៀនឆ្ពោះទៅរកឧត្ដមភាព”

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ៖ គ្រូបង្រៀនបានដើរតួយ៉ាងសំខាន់ក្នុងការជួយជម្រុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជាសរសៃឈាមដែលមិនអាចខ្វះបានក្នុងការចូលរួមពង្រីកធនធានមនុស្សស្របតាមការវិវត្តន៍នៃសង្គម។  គ្រូបង្រៀនបានលះបង់កម្លាំងកាយ ចិត្ត ដើម្បីផ្តល់ជាចំណេះដឹងដល់ ប្អូនៗ សិស្សានុសិស្ស នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។ ការលះបង់ តស៊ូ របស់លោកគ្រូ អ្នកគ្រូកន្លងមក ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ គឺជាការចូលរួមចំណែកយ៉ាងធំធេង និងមិនអាចកាត់ថ្លៃបាន។ 

តាងនាម សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ យើងខ្ញុំសូមសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ចំពោះការខិតខំបង្ហាត់បង្រៀនផ្ដល់នូវចំណេះដឹងដល់សិស្សនិស្សិតដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិដោយមិនគិតការលំបាកនឿយហត់។  ក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងនាមជាសិស្ស ដែលបានរៀនសូត្រពីលោកគ្រូ អ្នកគ្រូគ្រប់ៗជំនាន់ សូមគោរពជូនពរ លោកគ្រូ អ្នកគ្រូ អោយជួបប្រទះតែសេចក្តីសុខសុភមង្គល សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ភារកិច្ច ៕

ដោយ ៖ សហការី


ចែករំលែក៖