ខណៈពេលដែលស្ថានភាពជម្លោះនៅអ៊ុយក្រែនមិនបង្ហាញសញ្ញានៃការបញ្ចាប់ ភាពតានតឹងកំពុងកើនឡើងនៅក្នុងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុប អាចផ្ទុះសង្គ្រាមគ្រប់ពេល។
ដោយទើបតែឈានចូលដល់ខែទី 20 របស់ខ្លួន សង្រ្គាមនៅអ៊ុយក្រែននៅតែជាចំណុចកំពូលនៃការយកចិត្តទុកដាក់សម្រាប់មហាអំណាចលោកខាងលិច ដែលកំពុងតែស្វែងរកមធ្យោបាយដើម្បីជួយ ទីក្រុង Kiev ប្រយុទ្ធប្រឆាំងនឹងទីក្រុងម៉ូស្គូ។
ទោះយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ ភាពតានតឹងបានកើនឡើងនៅក្នុងផ្នែកមួយផ្សេងទៀតនៃទ្វីបអឺរ៉ុប បន្ទាប់ពីជម្លោះបានផ្ទុះឡើងក្នុងទសវត្សរ៍ឆ្នាំ 1990។
អ្នកវិភាគបានសម្តែងការព្រួយបារម្ភថា ទំនាក់ទំនងរវាងប្រទេសស៊ែប៊ី និងកូសូវ៉ូ បានក្លាយជាអរិភាពកាន់តែខ្លាំងឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ អំពើហឹង្សាបានផ្ទុះឡើងនៅភាគខាងជើងកូសូវ៉ូក្នុងខែកញ្ញា ហើយស៊ែប៊ីបានឆ្លើយតបដោយការបង្កើនវត្តមានយោធារបស់ខ្លួននៅតាមព្រំដែនជាមួយប្រទេសជិតខាង។
មានការព្រួយបារម្ភថាអស្ថិរភាពនៅអឺរ៉ុបអាគ្នេយ៍អាចនាំឱ្យមានជម្លោះប្រដាប់អាវុធមួយផ្សេងទៀត ខណៈដែលការយកចិត្តទុកដាក់របស់ពិភពលោកគឺផ្តោតលើសង្គ្រាមនៅអ៊ុយក្រែន។ដោយគិតពីបរិបទនយោបាយ និងសន្តិសុខបច្ចុប្បន្ន អ្នកវិភាគជឿថាការផ្ទុះឡើងនៃអំពើហិង្សានៅភាគខាងជើងកូសូវ៉ូនឹងកើតឡើង។
អ្នកស្រាវជ្រាវគោលនយោបាយជាន់ខ្ពស់ពីរនាក់គឺ Engjellushe Morina និង Majda Ruge នៅក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេស (ECFR) បានអត្ថាធិប្បាយថា “ការដោះស្រាយជម្លោះរវាងកូសូវ៉ូ និងស៊ែប៊ី មិនមែនជាបញ្ហានយោបាយទៀតទេ ប៉ុន្តែជាបញ្ហាសន្តិសុខធ្ងន់ធ្ងរសម្រាប់តំបន់ និងអឺរ៉ុបទាំងមូល”។
យោងតាមអ្នកស្រាវជ្រាវទាំងពីរខាងលើ សម្រាប់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ជម្រើសគឺមិនមានទៀតទេរវាងការបរាជ័យ និងភាពជោគជ័យនៃការសន្ទនា ប៉ុន្តែរវាងស្ថិរភាព និងការកើនឡើងនៃអំពើហិង្សា សេណារីយ៉ូទីពីរទំនងជាកើតឡើង៕
ដោយ៖ ធីរីណា