ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាលោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆាំ្ន នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ នៅក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែល ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិនីតិកោលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលព្រះបរមរា ជានុញ្ញាតក្រាបបង្គំទូលថ្វាយអំពីរបាយការណ៍សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ ដែលមានខ្លឹមសារដូចតទៅ៖

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែល ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាសឱ្យប្រើ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អម ជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយបញ្ចូលទាំងស្រុងនិងលម្អិតនូវ ខ្លឹមសារនៃឧបសម្ព័ន្ធទី៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការបន្សំបន្សំគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្រប សម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងរបស់សង្គម ។ ព្រះរាជាណាកម្ពុជាសម្រេចបានសមិទ្ធផលដូចខាងក្រោម៖

១. កម្ពុជារក្សាការពារនិងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញឡើងវិញក្នុងឆ្នាំ១៩៩៣ និងជាលើកទី២ក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជា បានវិវឌ្ឍពីដំណាក់កាលបង្កើតឡើងវិញមកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាពក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ អង្គព្រះមហាក្សត្រនិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបានទទួលការគោរពលើកតម្កើងពីគ្រប់ ស្ថាប័នជាតិ និងប្រជារាស្ត្រខ្មែរ។

២.លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា៖ របបប្រជាធិបតេយ្យសេរី ពហុបក្សកម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗតាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗមួយចំនួន៖

និយាមគោលការណ៍ទី១៖ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ប្រើតាម រយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចទាំងបីមានសមត្ថកិច្ចដាច់ពីគ្នា អំណាចនីតិប្បញ្ញត្តិ និង អំណាចនីតិប្រតិបត្តិមានគោលការណ៍រក្សាតុល្យភាពទៅវិញទៅមក គឺរដ្ឋសភាផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល រដ្ឋសភាមិន អាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែករណីរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុង ១២ខែ។

និយាមគោលការណ៍ទី២៖ កម្ពុជាប្រតិបត្តិរបបបោះឆ្នោតពហុបក្ស ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសេរីភាព

នយោបាយ និងធានារក្សាបាននូវការចូលរួមការបោះឆ្នោត។ និយាមគោលការណ៍ទី៣៖ នយោបាយប្រជាធិបតេយ្យសេរីពហុបក្សបាននិងកំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងវិវត្តឈានឡើងជាជំហានៗ ដូចតទៅ៖

(១) ជំហានវឌ្ឍនភាពទី១៖ អំណាចថ្នាក់ជាតិត្រូវបានបែងចែកទៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៍ជាមូលដ្ឋាននៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ (២) ជំហានវឌ្ឍនភាពទី២៖ របបប្រជាធិបតេយ្យសភា ផ្អែកលើស្មារតីសម្ព័ន្ធភាពនយោបាយទូលាយជានីតិវិធីកំណត់ការ រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា កូរ៉ុមសម័យប្រជុំរដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងគោលបំណងបង្កើតវប្បធម៌សន្ទនារវាងដៃគូនយោបាយ។ សម្ព័ន្ធភាពជាដៃគូល្អ និងវប្បធម៌សន្ទនាពុំជាប់លាប់ អាស្រ័យចរិតនយោបាយ ជ្រុលនិយម នាំឲ្យមានការជាប់គាំងដំណើរការរៀបចំរាជរដ្ឋាភិបាល និងអស្ថិរភាពសង្គម ក្រោយការបោះឆ្នោតនីតិកាលនីមួយៗ។

(៣) ជំហានវឌ្ឍនភាពទី៣៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានកែទម្រង់ឱ្យមានកម្រិតជាស្ថាប័នធម្មនុញ្ញ។ ដើម្បីធានាជំនឿទុកចិត្តលើសមាសភាពចម្រុះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់ឱ្យគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ជាអ្នករៀបចំផ្ទាល់នូវសមាសភាពនៃគណៈកម្មាធិការនេះ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

(៤) ជំហានវឌ្ឍនភាពទី៤៖ នេះជាជំហានពង្រឹងសណ្តាប់ធ្នាប់គណបក្សនយោបាយ តាមរយៈការកំណត់ដែនបន្ទាត់ក្រហម ទាក់ទងនឹងកាតព្វកិច្ចតម្រូវ ចំពោះគណបក្សនយោបាយនីមួយៗ ដែលត្រូវគោរពរដ្ឋធម្មនុញ្ញនិងច្បាប់។

(៥) ជំហានវឌ្ឍនភាពទី៥៖ ជាការរៀបចំពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ តាមរយៈការកំណត់លក្ខណសម្បត្តិ ត្រូវមាន សញ្ញាតិខ្មែរពីកំណើតតែមួយគត់ សម្រាប់មុខតំណែងមេដឹកនាំកំពូលនៃស្ថាប័នធម្មនុញ្ញរបស់ជាតិ។

(៦) ជំហានវឌ្ឍនភាពទី៦៖ ជាការបំពេញចន្លោះខ្វះខាតនៃនីតិវិធីធម្មនុញ្ញ ដើម្បីធានាឱ្យស្ថាប័នកំពូលរបស់ជាតិជា ពិសេសអំណាចនីតិប្រតិបត្តិ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព។ 

៣. កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់​ គោលការណ៍ទី១៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលគ្រប់ស្ថាប័នជាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរព។ ជាសមិទ្ធផលធម្មនុញ្ញ គឺ រាជរដ្ឋាភិបាលរក្សាការពារបាន ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, អនុវត្តនយោបាយ បង្រួបបង្រួមជាតិនិងឯកភាពជាតិដោយជោគជ័យ, រក្សាការពារបានល្អ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ, កាតព្វកិច្ចថ រក្សាការពារ ប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ, នីត្យានុកូលភាព សណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនប្រែប្រួលកាន់តែល្អប្រសើរ។

គោលការណ៍ទី២៖ អំណាចតុលាការ ជាអំណាចឯករាជ្យ មានសមត្ថកិច្ចជម្រះរឿងក្ដីទាំងអស់ដែលពាក់ព័ន្ធនឹងសំណុំរឿង ព្រហ្មទណ្ឌ រដ្ឋប្បវេណី រួមទាំងសំណុំរឿងរដ្ឋបាល។

គោលការណ៍ទី៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាគ្រឹះនៃការកសាង នីតិរដ្ឋ។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចការងារសំខាន់ៗ ក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញ៖ការថ្វាយមតិព្រះមហាក្សត្រការបក ស្រាយរដ្ឋធម្មនុញ្ញការបកស្រាយច្បាប់, ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការសម្រេចលើករណីវិវាទកម្មទាក់ទងនិងការបោះឆ្នោត។ កម្ពុជាក៏មានបញ្ហាប្រឈមខ្លះៗ ហើយក្នុងចំណោមមូលហេតុនៃបញ្ហាទាំងនេះ មានចំណុចមួយចំនួនគួរកត់សម្គាល់គឺ

បញ្ហាទី១ លក្ខណៈជឿនលឿននៃរដ្ឋធម្មនុញ្ញនិងនិន្នាការសកលនៃច្បាប់ថ្មីៗរបស់កម្ពុជា ដែលរងឥទ្ធិពលនៃវប្បធម៌ចម្រុះ មានកម្រិតសកលនិងលក្ខណៈបច្ចេកទេសខ្ពស់ ពិតជាទាមទារនូវពេលវេលាសម្រាប់ការបកស្រាយ ពន្យល់ជាបន្តបន្ទាប់និងខ្ជាប់ខ្ជួន តាមរយៈការពង្រឹងពង្រីកយន្តការអប់រំបណ្តុះបណ្តាល(រួមទាំការបញ្ចូលក្នុងកម្មវិធីសិក្សា អំពីគោលការណ៍គ្រឹះទាំងឡាយន រដ្ឋធម្មនុញ្ញ) និងការផ្សព្វផ្សាយដល់គ្រប់ស្ថាប័នពាក់ព័ន្ធរហូតដល់មហាជន។

បញ្ហាទី២ កម្រិតយល់ដឹងទូទៅអំពីយុត្តិធម៌ក្នុងក្របខ័ណ្ឌច្បាប់ អាចនៅមានការប្រឈមក្នុងការអនុវត្ត ដោយសារតបរិវត្ត កម្មនយោបាយ សេដ្ឋកិច្ចនិងច្បាប់ឈានឡើងលឿន ខណៈដែលការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត អំពីសិទ្ធិតាមផ្លូវ ច្បាប់ទាក់ទងនឹងការប្រើប្រាស់អំណាចរបស់ខ្លួនតាមរយៈសាលាជម្រះក្តី ដែលអាចនាំឱ្យមានគម្លាតយុត្តិធម៌សង្គម។ ៤ កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជារដ្ឋគោរពការពារបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្ត

ទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច។ ជាសេចក្តីសន្និដ្ឋាន ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាន នូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជា ” កោះសន្តិភាព ” ឡើងវិញពេញបរិបូរ នៅក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រប់ស្ថាប័នជាតិ ធានាបានការប្រព្រឹត្តទៅដោយទៀងទាត់នៃអំណាចសាធារណៈ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័សប្រែមុខមាត់ថ្មីប្រកបដោយកិត្តិយស ស្មើភាពស្មើសិទ្ធិលើឆាកអន្តរជាតិ ដោយមានរាជរដ្ឋាភិបាលជាស្នូល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីរដ្ឋធម្មនុញ្ញ ក្នុងការដឹកនាំនាវាកម្ពុជាឱ្យក្លាយ (១) ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស (២)ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់លើសកលលោក ដោយអនុវត្តនយោបាយ បរទេសឯករាជ្យផ្អែកលើច្បាប់ (៣)ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ស្របតាមគន្លង ស្មារតីនីតិរដ្ឋជាគោល និង(៤) ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិ សេរីភាពទូលំទូលាយ ក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ប្រទេសជាតិ និងរួមរស់ក្នុងភាព សុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ។

ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាជាស្នូល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មាន ការប្តេជ្ញាខ្ពស់ បន្តអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានស្មារតីសម្របសម្រួលរួមគ្នានៃគុណតម្លៃទំនើបនិងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ឯកភាពជាតិនិងស្ថិរភាពនយោបាយ ដែល ជាមូលដ្ឋានគ្រឹះ ធានានូវធម្មានុរូបភាពនៃរបបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕

ដោយ៖សហការី


ចែករំលែក៖