ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះ ខ្ញុំ មានហឫទ័យសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួម ជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោក លោកស្រី ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួបទី៣០ ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧត្តុង្គឧត្តមត្រចះ ត្រចង់ និងមានតម្លៃនាពេលនេះ។

ជាបឋម ខ្ញុំ សូមអរគុណដោយស្មោះចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ឯកអគ្គ រាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោក លោកស្រី ដែលមានព្រះវត្តមាន វត្តមាននៅទីនេះ និងសូម៉ជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ សូមសម្តេច ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោក លោកស្រីគ្រប់រូប សូមមានសុខភាពល្អបរិបូណ៍ និងសុភមង្គលគ្រប់ប្រការ ។

ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយ អំពីសកម្មភាពវិវឌ្ឍនៈ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួល ខុសត្រូវខ្ពស់និងទទួលលទ្ធផលដ៏ត្រចះត្រចង់ ហើយស្ថាប័នកំពូលនេះសម្រេចបាន ក្នុងរយៈ ពេល៣០ឆ្នាំកន្លងទៅ ។

ខ្ញុំ សូមកោតសរសើរដោយស្មោះអស់ពីហឫទ័យចំពោះ សម្តេច ឯកឧត្តម និងលោកជំទាវ ប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិដែលបានខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព សំន្តិភាព សេចក្តីសុខ, ជីវភាពសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិ ខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

ជានិច្ចកាល ខ្ញុំបានសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងសា្ថប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្តងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកប ដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ-យុត្តិធម៌តែម៉ឺងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាបន្ន របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់និងជឿជាក់គ្នាទៅវិញទៅមក មានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ឈានទៅ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

នៅក្នុងពេលនេះ ខ្ញុំ សូមអរគុណ និងកោតសរសើរជាទីបំផុត ចំពោះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ។ ជាពិសេស សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើការផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឡើងមក ។ ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយ គណៈប្រតិភូជាន់ខ្ពស់ មួយ ដែលមានការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ មានឥស្សរជនមួយចំនួន ជាក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុង ព្យុងយ៉ាង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ អំពី ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ” ព្រះករុណា ព្រះបរមរតនកោដ្ឋ ” ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ។ ពេលបានទទួលការប្រោសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតដែលឆ្លងរួចហើយ នោះក៏បានយកសេចក្ដីពងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិរហូតមកបច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរពនិងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែលយើងទាំងអស់គ្នា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំជាទិវាប្រកាសរដ្ឋធម្មនុញ្ញ ។ ហើយសភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មក ។ សហស្ថាបនិកនេះ ជាឥស្សរជនកំពូលនៃជាតិយើង ដែល ខ្ញុំ បាន រៀបរាប់ខាងលើនេះ ។ ហើយឥស្សរជនដទៃទៀតខ្លះ ក៏នៅមានជីវិតរស់នៅ ហើយឥស្សរជនខ្លះ ទៀតក៏បានចូលទិវង្គត និងទទួលមរណភាពរួចទៅហើយ ។ ខ្ញុំ សូមគោរពចំពោះព្រះវិញ្ញាណ ។ ក្ខន្ធ និងវិញ្ញាណក្ខន្ធរបស់ឥស្សរជនទាំងនោះ សូមអញ្ជើញទៅកាន់សុគតិភពកុំបីខាន ។

ខ្ញុំ សូមឆ្លៀតយកឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ដើម្បីសម្តែងនូវការកោតសរសើរ និងដឹង គុណចំពោះបញ្ញវន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ខ្ពស់ ជួយរៀបចំតាក់តែងសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញជាតិនេះកាលពី ៣០ឆ្នាំមុន ។ ក្នុងចំណោមបញ្ញវន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិទាំងនោះ មានខ្លះបាន ទទួលមរណភាពទៅកាន់លោកខាងមុខហើយ ។ ខ្ញុំ សូមអធិដ្ឋានបួងសួងសូមវិញ្ញាណក្ខន្ធន មតកទាំងនោះ បានអញ្ជើញទៅកាន់សុគតិភពកុំបីខាន ។

ជាមួយគ្នានេះដែរ ខ្ញុំ មានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័ន ជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បី ធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើង ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ, ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ ។

ជាទីបញ្ចប់ ខ្ញុំ សូមអរគុណជាថ្មីម្តងទៀតចំពោះ សម្ដេចវិបុលសេនាភក្តី សម្តេចមហាបវរ ធិបតី សម្តេចអគ្គមហាពញាចក្រី សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចចៅហ្វាវាំង សម្ដេច ក្រឡាហោម សម្តេចពិជ័យសេនា សម្តេចកិត្តិសង្គហបណ្ឌិត ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឯកអគ្គរាជ-រដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកចូលរួមក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យ ប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងសូមប្រសិទ្ធពរជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូន កូនចៅ ជនរួមជាតិ ទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ៕

ដោយ : សិលា


ចែករំលែក៖