ភ្នំពេញ៖ បើតាមរបាយការណ៍លទ្ធផលប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ, ដំឡូងមី, ស្វាយចន្ទី និងម្រេច ទៅកាន់ប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ជិត ១.៥ពាន់លានដុល្លារ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចការនាំចេញ គ្រាប់ស្វាយចន្ទី បានប្រមាណ ៥០២.៩៩លានដុល្លារ។ ក្នុងនោះ នាំចេញទៅវៀតណាមចំនួន ៤៩៦.៥៥លានដុល្លារ ស្មើនឹង ៩៨.៧២ភាគរយ នៃការនាំចេញគ្រាប់ចន្ទី សរុបរបស់កម្ពុជា។
សម្រាប់ជ័រកៅស៊ូ វៀតណាមបានទិញពីកម្ពុជា ក្នុងទំហំទឹកប្រាក់ ៤៥៧.៣០លានដុល្លារ ដែលស្មើនឹង ៨៧.៣៧ភាគរយ នៃទំហំនាំចេញជ័រកៅស៊ូសរុប របស់កម្ពុជាចំនួន ៥២៣.៤៣លានដុល្លារ។
ដោយឡែក ចំពោះដំឡូងមីវិញ វៀតណាមបានប្រមូលទិញពីកម្ពុជា ក្នុងទំហំទឹកប្រាក់ ៤២២.៩៦លានដុល្លារ ស្មើនឹង៦៧.៩៤ភាគរយ នៃការនាំចេញដំឡូងមី សរុបមានទំហំទឹកប្រាក់ចំនួន ៦២២.៥៣លានដុល្លារ និងម្រេចក្នុងទំហំទឹកប្រាក់ ២៣.៤៦លានដុល្លារ ស្មើនឹង៦៧ភាគរយ នៃការនាំចេញម្រេចសរុបចំនួន ៣៤.៨៣លានដុល្លារ។
គួរបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានចំនួនប្រមាណ ៧,០៨៨លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមចំនួន ៣,២៩៨លានដុល្លារ និងនាំចូលវិញចំនួន ៣,៧៩០លានដុល្លារ។
ផលិតផលដែលកម្ពុជា នាំចេញទៅវៀតណាមភាពច្រើនជាផលិតផលវត្ថុធាតុដើម ដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងប្រទេសរបស់ខ្លួន និងនាំចេញទៅកាន់ទីផ្សារពិភពលោក៕
ដោយ៖ តារា