ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក DEFENDER មួយគ្រឿង ពណ៌ខ្មៅ មានស្លាកលេខ កម្ពុជាCSL.9889 បើកបរដោយស្រីស្អាតសាច់សខ្ចីម្នាក់ សង្ស័យថាស្រវឹងស្រាក៏រេចង្កូតទៅបុ.កស្តូបវីរៈជន នៅចំណុចរង្វង់មូលវិមានឯករាជ្យ រួចបន្តបើករត់គេចខ្លួនចាប់ពីវិមានឯករាជ្យ រហូតដល់ស្តុបបូកគោ ហើយក៏បុ.ករះម៉ូតូ និងរថយន្តពេញផ្លូវតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រីកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់បើកបររថយន្តស៊េរីទំនើបម៉ាក DEFENDER ពណ៌ខ្មៅ មានស្លាកលេខ កម្ពុជាCSL.9889 បានបើកទៅបុកស្តូបវីរៈជន ខាងត្បូងវិមានឯករាជ្យ បណ្ដាលឱ្យខូចខាតអស់ចំនួន២ស្តូបតែម្ដង។ ភ្លាមនោះរថយន្តបង្កហេតុ មិនព្រមឈប់នោះទេក៏បានបើករត់គេចខ្លួនទៅប៉ែកខាងកើតតែម្ដង។
ក្នុងហេតុការណ៍នេះដែរ ក៏មានប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់រថយន្តបង្កឱ្យឈប់សិន ប៉ុន្តែស្មានមិនដល់ថា រថយន្តបង្កបែរជាបុកម៉ូតូបុរសម្នាក់បណ្ដាលឱ្យរបួសផងដែរ ហេីយត្រូវបានប្រជាពលរដ្ឋផ្សេងទៀតដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្យាបាលរបួស។
ប្រភពដដែលបន្តថា ខណៈនារីស្រស់ស្អាតរូបនោះ បេីកបុករួច រថយន្តបង្កក៏បន្តបើកឆ្លងកាត់វិថីសម្តេចសុធារស រួចជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត តែសំណាងល្អ ម្ចាស់ម៉ូតូបានខ្លួនដឹងមុន ក៏លោតចេញទាន់ពេលវេលា បើពុំនោះទេ នឹងត្រូវរងរបួសធ្ងន់ជាក់ជាមិនខានឡើយ។ បន្ទាប់មក ម្ចាស់ម៉ូតូដែលលោតចេញនោះ បានបើកម៉ូតូតាមពីក្រោយ តែដោយសាររថយន្តនោះបើកលឿនណាស់ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋដេញតាមឃាត់ពីក្រោយដែរ តែរថយន្តបង្កមិនព្រមឈប់នោះទេ។ ភ្លាមនោះរថយន្តបង្ក ក៏បើកឆ្លងវិថីម៉ៅសេទុង រហូតដល់ស្តុបបន្ទាយស្លឹក រួចក៏បត់ចូលទៅផ្លូវក្នុង ស្រាប់តែចេញមកវិញតាមផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ទិសខាងត្បូងក្នុងល្បឿនលឿនដូចហោះ។ ខណៈរថយន្តបង្កបើកមកដល់ស្តុបបូកគោ ក៏មានរថយន្តស្ទួចធំមួយគ្រឿងកំពុងតែបត់ឆ្លងផ្លូវ ស្រាប់តែរថយន្តបង្កនោះបើកមកបុកចំធុងប្រេងពេញទំហឹងតែម្ដង បណ្តាលឲ្យហូរប្រេងពេញផ្លូវ ចំណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខទៅលែងរួចតែម្ដង។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះដែរ គេឃើញកម្លាំងសមត្ថកិច្ចចម្រុះ បានចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួននារីជាម្ចាស់រថយន្ត ព្រមទាំងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីបន្តនីតិវិធី។
ក្រោយពេលកើតហេតុ ភាគីម្ចាស់រថយន្តបានផ្តល់សំណងទៅកាន់ភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងហេតុ។ ចំណែករថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នាពេលក្រោយ៕
ដោយ៖ សហការី