ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីណែនាំ ស្តីពីការរឹតត្បិតពីការលេងល្បែងក្នុងកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពីការរឹតត្បិតពីការលេងល្បែងក្នុងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ 

អនុលោមតាមមាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា “ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គល ដូចខាងក្រោម៖ 

ក. បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតីអសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធន ដោយតុលាការ។

ខ. បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។

គ. បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។ 

ឃ. បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ។ 

និងង. ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត។

ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវបានហាមឃាត់ចំពោះកម្មករ និយោជិតរបស់ប្រតិបត្តិករកាស៊ីណូឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគេ កំពុងបម្រើការនៅទីនោះ។”

ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាថា បុគ្គលដែលត្រូវបានរឹតត្បិតខាងលើ មិនចូលលេងល្បែងក្នុងកាស៊ីណូ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមធ្វើការណែនាំដល់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដូចខាងក្រោម៖

១. ត្រូវខណ្ឌចែកកន្លែងលេងល្បែងឱ្យច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់សមស្របដើម្បីបង្ហាញទីតាំងលេងល្បែង

២. ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែង នៅច្រក-ទ្វារចូលបរិវេណកាស៊ីណូ

៣. ត្រូវមានកម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យការចូលលេងល្បែង របស់ភ្ញៀវល្បែងឱ្យមានប្រសិទ្ធភាព 

៤. ត្រូវហាមឃាត់បុគ្គលដែលត្រូវបានរឹតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូរបស់ខ្លួន និង

បណ្តេញបុគ្គលទាំងនោះចេញពីទីតាំងលេងល្បែង 

និង ៥. ត្រូវរក្សាទុករបាយការណ៍បច្ចុប្បន្នកម្ម អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូ របស់ខ្លួន។

ក្នុងករណី ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម រដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ ទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតី ទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖