ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណីយកដាវកាប់បណ្តាលឱ្យរងរបួស។
តាមការបញ្ជាក់ពីមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាន់ ភក្តី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។
មន្ត្រីដដែលបន្តថា កាលពីល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងជំនាញខណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធនឹងបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតីវិធី៕
ដោយ៖សហការី