ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​នគរបាលស្រុកសង្កែ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និង​ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកាលពីរសៀលថ្ងៃទី០៥ ខែតុលាម្សិលមិញនេះ​ នៅចំណុចក្រុមទី១០ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ 

មន្រ្តី​ដដែល​បន្ត​ថា​ មានករណីលួច (ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ បែន រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ  ខេត្តបាត់ដំបង ម៉ាកហុង ដាឌ្រីម សេ១០០ ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1B-5337 ជិះយកទៅបាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន សត្យា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន  ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីសាកសួរ។ ក្រោយពីបានសាក សួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែក សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖