ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា។
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុញ្ញាតទទួល ជួបសម្ដែងការគួរសមជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា និងបានពិភាក្សាអំពីវិស័យជាអាទិភាពក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា-ឥណ្ឌា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ជាមួយនឹងកិច្ចស្វាគមន៍ចំពោះជំនួបផ្ទាល់ជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលបានផ្ដល់ហិរញ្ញប្បទាន សហប្រតិបត្តិការ និងជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជួនចំពោះរាជរដ្ឋាភិបាលនាអំឡុងពេលមានការរីក វាលដាលនៃវិបត្តិជំងឺកូវី-១៩. នៅប្រទេសកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ក៍បាន រំលឹកឡើងវិញផងដែរអំពីប្រវត្តិនៃចំណងមិត្តភាព, ប្រពៃណី, វប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា តាំងពីយូរលង់ណាស់មកហើយ ស្តែងតាមរយ:សំណង់ប្រាសាទនានាមួយចំនួននៅប្រទេសកម្ពុជា ។ លោកអគ្គ- បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា ភាគីទាំងពីរនឹងបន្តជំរុញចំណងមិត្តភាពនេះឱ្យ កាន់តែទទួលបាននូវផ្លែផ្កាបន្ថែមទៀតតាមរយ:ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដើម្បីធានា បាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយចីរភាព ។
លោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងអំណរគុណចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាង កម្ពុជា-ឥណ្ឌា និងបានអបអរសាទរចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ។ ភាគីឥណ្ឌា សង្ឃឹមថា ក្នុងនីតិកាលថ្មីនេះ កម្ពុជា-ឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ការបង្កើតឱ្យមានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និង វិនិយោគ តាមរយ: កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយ: ជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដែលរដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខ និងការតភ្ជាប់វិស័យឌីជីថល ជាដើម ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៍បានសម្តែងក្តីរីករាយ និងគាំទ្រកិច្ចសហប្រតិបត្តិការ របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី សំដៅផ្ដល់ប្រយោជន៍ទៅវិញទៅមករវាង កម្ពុជា-ឥណ្ឌា និងគាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដែលនឹងជំរុញការតភ្ជាប់ រវាងប្រជាជន និងប្រជនជន និងលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងពិនិត្យរួមគ្នាលើ ការតភ្ជាប់វិស័យឌីជីថល ដែលជាវិស័យអាទិភាពមួយក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅបន្តអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព ។
ជាទីបញ្ចប់, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាថ្មីម្ដងទៀត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងជួយគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប្រជាជនកម្ពុជា និងបានជូនពរ លោកស្រីបណ្ឌិត Devyani Uttam Khobragade. ឯកអគ្គរដ្ឋទូត និង សហការី ទទួលបានសុខភាពល្អ និងជោគជ័យ ក្នុងអាណត្តិការងាររបស់លោកជំទាវនៅប្រទេសកម្ពុជា ៕
ដោយ ៖ សិលា