ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៩ខែឆ្នាំនេះ! កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៩១គម្រោង ក្នុងទំហំទឹកប្រាក់ ៣.៧ប៊ីលានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានឱ្យដឹងថា​ នៅរយៈពេល ៩ខែឆ្នាំ២០២៣នេះ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារវិនិយោគ បានអនុម័តលើគម្រោងចំនួន ១៩១គម្រោង កើនឡើង ៤១គម្រោង និងមានទុនវិនិយោគសរុប ៣.៧ប៊ីលានដុល្លារ ការកើនឡើងប្រមាណជិត ៣០៦លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។

CDC បានគូសបញ្ជាក់ថា​ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ទុនវិនិយោគមកពីប្រទេសចិន ឈរលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកជាង ៧៦ភាគរយនៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកឈរ នៅលំដាប់លេខរៀងទី២ មានចំណែក ១២.៣៨ភាគរយ។

គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស នៅរយៈពេល ៩ខែឆ្នាំនេះ មានចំនួន ១៤១គម្រោង កើនឡើង២៥គម្រោង មានទុនវិនិយោគសរុបជាង ៣ ១២៥លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ១១៦គម្រោង មានទុនវិនិយោគ ២ ៩០៤លានដុល្លារ។

ដោយឡែកគម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៥០គម្រោង កើនឡើងចំនួន ១៦គម្រោង ដែលមានទុនវិនិយោគសរុបជាង ៦៣៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ៣៤គម្រោង មានទុនវិនិយោគជា ៥៥៤លានដុល្លារ។

គួរបញ្ជាក់ថា​ CDC នៅខែកញ្ញា ឆ្នាំ២០២៣​កន្លងមកនេះ​ បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង មានទុនវិនិយោគសរុប ១.៦ប៊ីលានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ ៣២ពាន់កន្លែង។ ក្នុងនោះគម្រោងដ៏ធំដែលត្រូវបានអនុម័ត រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានទុនវិនិយោគ ប្រមាណ ១.៤ពាន់លានដុល្លារ, គម្រោងសង់អនុស្ថានីយ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ទុនវិនិយោគជាង ៩០លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតដែក មានទឹកប្រាក់ ៤០លានដុល្លារ៕

ដោយ៖ សហការី​


ចែករំលែក៖