ខេត្តបន្ទាយមានជ័យ៖ ស្ត្រី០១នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់អាក្រាតកាយនៅព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២៣ នៅមុខផ្ទះឈ្មោះលឹម សំអុន ភេទស្រី អាយុ៧១ឆ្នាំ ស្ថិតក្នុងភូមិចកផ្នែកខាងជើងក្បែរផ្លូវជាតិលេខ៦ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា៖ ស្ត្រីរងគ្រោះជាមនុស្សវិកលចរិតមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ។ ក្រោយពីទទួលបានព័ត៌មានពីការប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់នោះ មកអាជ្ញាធរមានសមត្ថកិច្ចបានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យសាកសព មានសមាសភាព៖ កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តខេត្ត ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុក កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក គ្រូពេទ្យមណ្ឌលសុខភាពឃុំរហាល ។
តាមការពិនិត្យ សពភេទស្រី មានអាយុប្រហែលជាង៤០ឆ្នាំ សម្បុរ.ស មានកម្ពស់១,៥០សង់ទីម៉ែត្រ មិនស្គាល់អត្តសញ្ញាណ សាកសពមានសភាពរឹងទាំងស្រុង ។ សពមានស្លាកស្នាមលើចិញ្ចើមខាងស្តាំ មានស្នាមមុតដាច់ស្បែក មានស្នាមជាំលើថ្ពាល់ខាងស្តាំ ថ្ពាល់ខាងឆ្វេង មានស្នាមរយះស្បែកបបូរមាត់លើ ក្រោមធ្មេញលើក្រោមផ្នែកខាងមុខបាក់ មានបាក់ថ្គាមលើផ្នែកខាងស្តាំ មានដំបងប្ញស្សី០២កំណាត់ប្រវែង38សង់ទីម៉ែត្រ នៅក្បែរក្បាលសព។
លោកអធិការបានបន្តថា តាមការសន្និដ្ឋាន ការស្លាប់របស់ជនរងគ្រោះគឺជាអំពើឃាតកម្ម ( វ៉ៃនឹងដំបង) ។ បើឆ្លងតាមការបំភ្លឺរបស់ឈ្មោះជួន ភឿត ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិទេពកោសារ ឃុំរហាល បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៧យប់ គាត់ឃើញមនុស្សប្រុសម្នាក់ស្រីម្នាក់មិនស្គាល់ ប្រហែលជាមនុស្សវិកលចរិតដើរលើផ្លូវជាតិលេខ៦ពីលិចទៅកើត ក្នុងភូមិទេពកោសារ ។ លុះនៅព្រឹកថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣ មានមនុស្សស្រីដេកស្លាប់ម្នាក់ក្បែរផ្លូវជាតិនៅភូមិចក ឃុំរហាល ( ភូមិចកនៅខាងកើតភូមិទេពកោសារ ជាប់គ្នា) ពេលគាត់ទៅពិនិត្យមើលសពនោះ គឺជាមនុស្សស្រីដែលគាត់ឃើញដើរពីល្ងាចជាមួយមនុស្សប្រុសម្នាក់មិនស្គាល់។
លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់ថាៈក្រោយពីបានឃាត់មុខសញ្ញាកម្លាំងនគរបាលជំនាញបានហៅមនុស្សនោះជាជនមានសតិមិនប្រក្រតីដែលដើរជាមួយជនរងគ្រោះពីល្ងាចថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ មានឈ្មោះឡាច លាស់សុខម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ36ឆ្នាំ នៅប្រាសាទបាគង ខេត្តសៀមរាប មកធ្វើការសាកសួរ ដោយគេបានឆ្លើយសារភាពថា កាលពីល្ងាច ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ រូបគេពិតជាបានយកដំបងវ៉ៃទៅលើជនរងគ្រោះចំនួន០៣ដំបងមែន ព្រោះខឹងនឹងជនរងគ្រោះមិនអោយរួមភេទ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕
ដោយ៖ វណ្ណា