ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែល ប្រកាសស្ថានភាពសង្គ្រាមក្រោយរងការវាយប្រហារដោយរ៉ុក្កែតជាង៥,០០០គ្រាប់ពីក្រុមហាម៉ាស់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានបើកប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី៧ ខែតុលានេះ តាមរយៈការបញ្ជូនក្រុមអ្នកប្រយុទ្ធឆ្លងដែនចូលទៅក្នុងទឹកដីអ៉ីស្រាអែលនិងការបាញ់ស្រោចគ្រាប់រ៉ុក្កែតចេញពីតំបន់ហ្កាហ្សា Gaza។
អ្នកសារព័ត៌មាន AFP បានរាយការណ៍ពីការបាញ់គ្រាប់រ៉ុក្កែតពាសពេញមេឃចេញពីទីតាំងជាច្រើននៅទូទាំងតំបន់ហ្កាហ្សា កាលពីម៉ោង៦៖៣០នាទីព្រឹក នៅថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។ ចំណែកកងទ័ពអ៉ីស្រាអែលវិញបានបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្ននៅទូទាំងតំបន់ភាគខាងត្បូងនិងភាគកណ្ដាលនៃប្រទេស ដោយជំរុញឱ្យប្រជាជនស្ថិតនៅក្បែរជំរំការពារពីការទម្លាក់គ្រាប់បែក។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ក៏បានចេញមុខទទួលខុសត្រូវផងដែរ ដោយបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាង ៥,០០០គ្រាប់លើអ៉ីស្រាអែល។ «យើងបានសម្រេចចិត្តថានឹងបិទបញ្ចប់រាល់ទង្វើឧក្រិដ្ឋរបស់ពួកអាណានិគម (អ៉ីស្រាអែល) … យើងបានប្រកាសពីការបើកប្រតិបត្តិការ អាល់អាក់សា ហ្វ្លូដ
(Al-Aqsa Flood) ជាមួយការបាញ់គ្រាប់រ៉ុក្កែតជុំដំបូងជាង ៥,០០០គ្រាប់ក្នុងពេល២០នាទី»។ នេះជាការបញ្ជាក់របស់ក្រុមហាម៉ាស់។
ស្ត្រីម្នាក់មានអាយុប្រហែលជា ៦០ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ប្រឆាំងនឹងអ៉ីស្រាអែល ហើយកងទ័ពអ៉ីស្រាអែលក៏បានប្រកាសពីការត្រៀមលក្ខណៈសម្រាប់សង្រ្គាមផងដែរ ខណៈដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកោះប្រជុំកិច្ចប្រជុំផ្នែកសន្តិសុខ ជាបន្ទាន់៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖