ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យគ្រោះមហន្តរាយ៖​ ក្នុង​រាជធានី​ភ្នំពេញ​ មានករណី​អគ្គិភ័យ​ច្រើនជាងគេ​ និងមានមនុស្សស្លាប់ផងដែរ

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ លោក សុទ្ធ គឹមកុលមុនី បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី ០៧​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ គិត​ត្រឹម​រយៈពេល៩ខែឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យកើតឡើងចំនួន៤៧២លើកបណ្តាលឱ្យឆេះផ្ទះ ចំនួន៥២៤ខ្នង តូបផ្សារ៧៩តូបឃ្លាំងទំនិញ៩កន្លែង អគាររដ្ឋបាល១១កន្លែងសាលារៀន១ខ្នង រោងចក្រសិប្បកម្ម៩កន្លែង ស្លាប់មនុស្ស២៥នាក់និងរងរបួស៣២នាក់។

លោកអ្នកនាំពាក្យរូបនេះ​ បានថ្លែងបន្តថា​ បច្ចុប្បន្ន​ក្នុងរាជធានីភ្នំពេញត្រូវបានគេមើលឃើញថា មានអ្នកស្លាប់ និងរងរបួសដោយសារគ្រោះអគ្គិភ័យច្រើនជាងគេ ក្នុងចំណោមរាជធានីខេត្តចំនួន៨ ដែលមានអ្នកស្លាប់ និងរបួសប្រមាណជិត៦០នាក់។

លោក សុទ្ធ គឹមកុលមុនី​ បានបន្ថែមទៀតថា ក្នុងចំណោមអ្នកស្លាប់ និងរបួសជិត ៦០នាក់ ក្នុងនោះរាជធានីភ្នំពេញកើត ឡើងច្រើនជាងគេ ដោយ​មាន៨៩លើកឆេះផ្ទះ៨២ខ្នង តូបផ្សារ២៧ តូប រោងចក្រសិប្បកម្ម៤កន្លែង ស្លាប់មនុស្ស១២នាក់និងរបួស៧នាក់។ក្រៅពីនេះខេត្តកណ្តាលស្លាន់១នាក់ ខេត្តតាកែវ៣នាក់ស្វាយរៀង២នាក់ស្ទឹងត្រែង១នាក់ក្រចេះ១នាក់​កំពង់ចាម ៣នាក់និងខេត្តព្រះសីហនុ២នាក់។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ថា ចំនួនករណីអគ្គិភ័យ៩ខែឆ្នាំនេះ ធៀបទៅនឹង៩ខែឆ្នាំ២០២២ ឃើញថា មានការកើនឡើង ដោយ៩ខែឆ្នាំមុន មានអគ្គិភ័យកើតឡើងចំនួនតែ ៣៥៧លើក ឆេះផ្ទះ៦១៧ខ្នង តូបផ្សារ៧៧តូបឃ្លាំងទំនិញ១៦កន្លែង សាលារៀន២ខ្នង រោងចក្រសិប្បកម្ម៩កន្លែងអគាររដ្ឋបាល២កន្លែងស្លាប់មនុស្ស១២នាក់និងរបួស៤៥នាក់។

គួររម្លឹកផងដែរថា​​ ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នង​ការដ្ឋាននគរបាលជាតិ​ លោកឧត្តមសេនីយ៍ឯក នេត វ៉ាន់ថា​ កន្លងទៅ​ក៏ធ្លាប់បានបញ្ជាក់ដែរថា​ ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង​គឺបណ្ដាលមកពីការ​ឆ្លងចរន្តអគ្គិសនីចំនួន​ ៤១.៥៥ភាគរយ,ប្រើប្រាស់ភ្លើងចំនួន៣៨.២៤ភាគរយនិងក្ដាប់មិនបានចំនួន ២០.២១ភាគរយ៕

ដោយ​៖ សហការី​


ចែករំលែក៖