ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ពានខ្សែកាប្លិ៍ តភ្ជាប់រវាងតំបន់អភវិឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្យ នឹងត្រូវដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពោលនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
បន្ថែមពីនេះលោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្រោយផុតរយៈពេល៣ថ្ងៃ ដែលបើកឲ្យប្រើប្រាស់បណ្ដោះអាសន្ននេះ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្រោយបញ្ចប់ការស្ថានទាំងស្រុង អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់តែម្ដង ក្នុងករណីអាកាសធាតុអំណោយផលល្អ នៅថ្ងៃទី២៣ ខែតុលា។
គួរជម្រាបថា ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ ៩៥% និងនៅសេសសល់ការងារមួយចំនួនទៀត រួមមានការងារអ៊ុតកៅស៊ូ, អ៊ុតគំនូសចរាចរណ៍, តម្លើងស្លាកសញ្ញាចរាចរណ៍, បង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អខ្សែកាប។
កន្លងមកដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឲ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាល ប៉ុន្តែមិនអាចដោះស្រាយបានទាំងស្រុងហើយនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រជាពលរដ្ឋជាច្រើននឹងធ្វើដំណើរទៅស្រុកកំណើត។
ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និងទៅថ្ងៃមុខផង ដែលអាចធ្វើឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥តោន ចុះក្រោម៕
ដោយ៖ សហការី