ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើលោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំការផលិតភាពយន្តចម្រៀងជីវីតក្មេងវត្ត ដកឈុតដែលគេចាក់ស្រាលើក្បាលសម្តេច ក្នុងភាពយន្តចម្រៀងជីវិតក្មេងវត្តចេញ ព្រោះ មិនមែនជាការពិត។ ពិធីនេះ បានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ការស្នើឱ្យដកឈុតនេះចេញព្រោះមនុស្សដូចសម្តេចមិនដែលឱ្យអ្នកណាម្នាក់យកស្រាមកចាក់លើក្បាលនោះឡើយ។ ម្យ៉ាងទៀត រូបភាពបែបនេះគឺជាការបង្ហាញវប្បធម៌មិនគោរពផងដែរ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «ខ្ញុំ និទានអំពីរឿងនេះបន្តិចចុះ អារឿងបញ្ហាត្រង់វគ្គនោះកែបន្តិចបានទេ ខ្ញុំ ដូចជាធ្លោយត្រង់កន្លែងហ្នឹង។ ស្រាប់តែឃើញចាក់ស្រាលើក្បាល ខ្ញុំ ថាស្រេច ! មនុស្សដូច ហ៊ុន សែន តាំងពីកុមារមិនអាចមានអ្នកណាមកវ៉ៃក្បាល ហ៊ុន សែន បានទេ រហូតដល់ពេលនេះ »។
សូមជម្រាបថា ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
គួរជម្រាបជូនថា ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និងអត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយក្រាញននាលការលំបាកសព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន។ គម្រូវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលាតត្រដាងយ៉ាងល្អឥតខ្ចោះនៅក្នុងភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលបានចំណាយថវិកាផលិតអស់ជាង ១២ម៉ឺនដុល្លារ ចំណាយពេលលើការផលិតជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្ដែង ការថតរហូតដល់ការកាត់តជាដើម៕
ដោយ៖សហការី