ភ្នំពេញ៖ ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងការប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នកម្ម ទាក់ទងទៅនឹងការដំឡើងឋានន្ដរស័ក្តិ និងការចូលនិវត្តន៍ ព្រមទាំងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត របស់មន្ដ្រីរាជការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងមន្ដ្រីពាក់ព័ន្ធ របស់អគ្គនាយកដ្ឋាននានាក្រោមចំណុះ ក្រសួងមហាផ្ទៃ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី មានប្រសាសន៍ថា នាពេលខាងមុខនេះ នឹងមានការធ្វើជំរឿនមន្ដ្រីរាជការទាំង៣ប្រភេទ រួមមាន៖ មន្ដ្រីរដ្ឋបាលស៊ីវិល មន្ដ្រីនគរបាល និងមន្ដ្រីពន្ធនាគារ។ ដើម្បីឱ្យការងារកំណែទម្រង់របស់ក្រសួងមហាផ្ទៃទទួលបានជោគជ័យ នូវការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់មន្ដ្រីរាជការទាំង ៣ប្រភេទនេះ ធ្វើយ៉ាងណាគឺគ្រប់គ្រងឱ្យបានល្អប្រសើរ។
នាយឧត្តមសេនីយ៍ បន្ដថា ទាក់ទងទៅនឹងការធ្វើកំណែទម្រង់នេះ ឯកឧត្តមអភិសន្ដិសបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញឱ្យការកំណែទម្រង់គ្រប់គ្រងមន្ដ្រីរាជការទាំង៣ប្រភេទនេះ ឱ្យបានសម្រេចជោគជ័យ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បន្ថែមទៀតថា ដូច្នេះកិច្ចការងាររបស់ អគ្គនាយកដ្ឋានធនធានមនុស្ស ក៏ដូចជា អគ្គនាយកដ្ឋានានាចំណុះក្រសួងមហាផ្ទៃ ដើម្បីសម្រេចចំគោលដៅនោះ ទាល់តែមានព័ត៌មានគ្រប់ជ្រុងជ្រោយពីអ្នកពាក់ព័ន្ធទាំងអស់។ អគ្គនាយកដ្ឋានធនធានមនុស្ស ក៏ធ្លាប់បានធ្វើលិខិតមួយស្នើសុំកិច្ចសហការពី អគ្គនាយកដ្ឋានានាចំណុះក្រសួងមហាផ្ទៃដើម្បីធ្វើបច្ចុប្បន្នកម្ម ទាក់ទងទៅនឹងមន្ដ្រី
រាជការទាំង៣ប្រភេទ ដែលត្រូវដល់ពេលចូលនិវត្តន៍៕
ដោយ ៖ សហការី