ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលគ្រោងវាយលុកតំបន់ហ្គាហ្សា ក្រុមហាម៉ាស់គំរាមសម្លាប់ចំណាប់ខ្មាំង

ចែករំលែក៖

ហាម៉ាស់គំរាមប្រហារជីវិតចំណាប់ខ្មាំងរាល់ពេលដែលអ៊ីស្រាអែលបំផ្ទុះផ្ទះនៅហ្គាហ្សា។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលកំពុងចល័តកងទ័ពបម្រុងចំនួន 300.000 នាក់ និងដាក់ការឡោមព័ទ្ធ នៅលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបង្កើនការព្រួយបារម្ភថា អ៊ីស្រាអែលនឹងបើកការវាយប្រហារទ្រង់ទ្រាយធំ។
ការប្រយុទ្ធគ្នាពេលនេះបានឆក់យកជីវិតមនុស្សជាង១.៥០០នាក់ទាំងសងខាង។ ប្រទេសជាច្រើនបានចេញសេចក្តីថ្លែងការណ៍គាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារភ្លាមៗ និងបំផ្លិចបំផ្លាញដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីចុងសប្តាហ៍មុន ប៉ុន្តែក៏បានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធ និងការការពារជនស៊ីវិលផងដែរ។
ក្នុងពេលនេះដែរ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ មេដឹកនាំសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី និងចក្រភពអង់គ្លេស បានសន្យានៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះថាពួកគេនឹងគាំទ្រអ៉ីស្រាអែល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារខ្លួនឯង បន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ ផ្អើលមួយពីសំណាក់ក្រុមហាម៉ាស (Hamas)។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមដដែល ចេញផ្សាយដោយសេតវិមាន មេដឹកនាំលោកខាងលិចទាំងនេះក៏បានលើកឡើងដែរថាពួកគេទទួល សេចក្ដីប្រាថ្នាស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែក្រុមហាម៉ាស មិនបានផ្ដល់អ្វីទាល់តែសោះសម្រាប់ប្រជាជនប៉ាឡេស្ទីន ក្រៅតែពី នាំមកនូវការបង្ហូរឈាម»។
ចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មកទល់នឹងពេលនេះ បានកើនដល់ ៩០០នាក់ហើយ និងមនុស្សច្រើនជាង ៦៨០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល លើតំបន់ ហ្កាហ្សា។ យ៉ាងណាមិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាស់មូត អាបាស់ (Mahmoud Abbas) បានអំពាវនាវឱ្យ អង្គការសហប្រជាជាតិ ចាត់វិធានការសកម្មភាពជាបន្ទាន់ប្រឆាំងនឹងការឈ្លានពានឥតឈប់ឈររបស់អ៉ីស្រាអែល លើប្រជាជនប៉ាឡេស្ទីន៕

ដោយ៖ ធីរីណា(រូប​ថត​៖ AP)

 


ចែករំលែក៖