ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបទីតាំងម៉ាស្សាឃាត់មនុស្ស៧នាក់ ខណៈថៅកែគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងផ្ទះម៉ាស្សាបង្កប់សេវាបំរេីផ្លូវភេទមួយកន្លែងត្រូវបានកម្លាំងនាយកដ្ឋាន ជួញដូរ មនុស្ស និង ការពារ អនីតិជនបេីកប្រតិបត្តិការចុះឃាត់ខ្លួនមនុស្សចំនួន៧នាក់ ខណៈថៅកែម្នាក់បានគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៩ និង ៣០ នាទី យប់ ថ្ងៃ ទី ៩ ខែតុលា ឆ្នាំ ២០២៣ ស្ថិត នៅ ផ្ទះម៉ាស្សា មួយ កន្លែង យីហោ « ពន្លៃ ជក់ចិត្ត » ក្នុងភូមិ ក្បាលដំរី ទី២ សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​នាយកដ្ឋាន​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​ខាងលើ​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ថា «​មាន​ក្មេង​ស្រី​ៗ​ខ្លះ​ក្រោម​អាយុ​១៧​ឆ្នាំ​បាន​មក​ធ្វើ​ជានា​រី​ម៉ាស្សា និង​មាន​​បង្ក​ប់​សេវា​បម្រើ​កម្សាន្ត​ដោយ​លួ​ច​លាក់​»​។ បន្ទាប់​មក កម្លាំង​នគរបាល​នាយកដ្ឋាន​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ រួម​ទាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អាជ្ញាធរ​ខណ្ឌ ដើម្បី​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​ខាងលើ​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ខណៈ​ពេល​កម្លាំង​នគរបាល​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ថៅកែ​ប្រុស​ម្នាក់​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង នៅ​សល់​តែ​នារី​​ចំនួន​៧​នាក់​នៅ​ក្នុង​ហាង​ម៉ាស្សា​យីហោ «​ពន្លៃ​ជក់ចិត្ត​» បន្ទាប់​មក​កម្លាំង​នគរបាល​ក៏​បាន​ឃាត់​នារី​ៗ​ទាំងនោះ​យក​មក​សាកសួរ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ ពេលកើតហេតុកម្លាំង នគរបាលនាយកដ្ឋាន ជួញដូរមនុស្ស និង ការពារ អនីតិជន បានបញ្ជូន នារី ម៉ាស្សា ទាំង៧ នាក់ ទៅ ផ្នែកជំនាញ ដើម្បី ចាត់ការ តាម នីតិវិធី នៃច្បាប់បន្តទៀត ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖