ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថារហូតមកដល់ព្រឹកថ្ងៃអង្គារ៍ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលអ៊ីស្រាអែលបានជម្លៀសពលរដ្ឋខ្មែរចំនួន ៣២៣នាក់ទៅកាន់ទីកន្លែងសុវត្ថិភាពហើយ ខណៈនៅ ១៣១នាក់ទៀតកំពុងនៅក្នុងតំបន់ប្រឈម។
សម្ដេចបានលើកឡើងក្នុងពិធីប្រកាសដាក់អនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៩ ថាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរគឺជាអ្វីដែលរដ្ឋាភិបាលយកចិត្តទុកដាក់។ សម្ដេចថា សម្ដេចបានបញ្ជាឲ្យក្រសួងពាក់ព័ន្ធធ្វើការនិងទាក់ទងទៅរដ្ឋាភិបាលអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី១ នៃជម្លោះមកម៉្លេះ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ីស្រាអែលមានចំនួន ៤៥៤នាក់។
គួរឱ្យដឹងផងដែរថា ក្រុមហាម៉ាស់បានបើកការវាយប្រហារដោយគ្មានការជូនដំណឹងមុននៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ ជាមួយនឹងការបញ្ជូនទាហានចូលក្នុងទឹកដីអ៊ីស្រាអែលបាញ់សម្លាប់មិនរើសមុខលើជនស៊ីវិលនិងទាហាន ខណៈមានពលរដ្ឋខ្មែរម្នាក់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ៕
ដោយ ៖ សិលា