ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋប្រកបមុខរបរទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជា​អាទិភាពគ្រប់ៗគ្នា​ពីរាជរដ្ឋាភិបាលទាំងអស់ ​ខណៈកម្មវិធីគោលនយោបាយ​អាទិភាពទាំងអស់​របស់​រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ​នឹងដាក់ឲ្យដំណើរការនៅដំណាច់ឆ្នាំ២០២៣ នេះតែម្តង។

ក្នុងឱកាស​អញ្ជើញ​ជាអធិបតីប្រកាសដាក់ឱ្យ​អនុវត្តយុទ្ធសាស្ត្រជាតិ ​ស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ​បានបញ្ជាក់ថា គោលដៅធំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជួយប្រជាពលរដ្ឋ​នៅក្រៅប្រព័ន្ធ ​ប៉ុន្តែទស្សនវិស័យរបស់រាជរដ្ឋាភិបាល​គឺ​មាន​ច្បាស់លាស់ ​ដោយ​អាច​បាញ់សត្វ​បានបី​ ក្នុងការប្រើប្រាស់​ព្រួញតែមួយ ​ពោល​គឺ​ពង្រឹង​បងប្អូន ​ជួយ​បងប្អូន​នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនគឺបងប្អូន ស្ថិតនៅក្នុងភាពងាយ​រង​ហានិភ័យ​ និង​ជីវភាពក្រីក្រ​ជាដើមនោះ។

សូមបញ្ជាក់ថា ​កម្មវិធី​គោល​នយោបាយ​អាទិភាពទាំង៦ ​របស់​រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ រួមមាន៖ 

១.ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ 

២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។

៣.ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និងគ្រាមានគ្រោះអាសន្ន។

៤.ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។

៥. ការដាក់ចេញនូវយន្តការ​សម្រប​សម្រួល និងកម្មវិធីហិរញ្ញប្បទាន ​សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ ​និង រក្សាលំនឹងថ្លៃកសិផល​សំខាន់ៗ ក្នុងកម្រិតសមរម្យ។

 និងទី៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែល​មានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគម​កសិករ​នៅ​តាមទីជនបទ៕

ដោយ ៖ សិលា


ចែករំលែក៖