ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖
ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបមួយភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ នៅខាងកើតឆ្នេរភាគកណ្តាលប្រទេសវៀតណាមបានវិវត្តទៅជាសម្ពាធទាបសកម្ម។ សម្ពាធទាបសកម្មនោះ នឹងរំកិលឆ្ពោះពីទិសខាងលិចមកដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។ រីឯ ទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងទិសអាគ្នេយ៍ (Variable winds)។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា៖
– បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំផ្គរន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០-៨០%។
– ចំណែកឯ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៦០%។
សូមបងប្អូនមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ ដើម្បីសុវត្ថិភាពជាចម្បង ៕
ដោយ ៖ សិលា