ខេត្តបន្ទាយមានជ័យ៖ មនុស្ស០២នាក់បានស្លាប់ដោយសារលង់ទឹក០២ករណីដោយឡែកពីគ្នា គឺ០១នាក់នៅស្រុកមង្គលបុរី និង០១នាក់ទៀតនៅស្រុកអូរជ្រៅ ។
នគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា៖នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២៣ វេលាម៉ោង០៣និង៤០នាទីរសៀលមានករណីបាត់មនុស្សម្នាក់នៅចំណុចប្រឡាយព្រែកសឿ ខាងលិចភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះដែលបាត់ឈ្មោះ ឈឿន ពេជ្ជរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានជិះគោយន្តទៅលេងទឹកនៅប្រឡាយព្រែកសឿជាមួយបងប្អូនឪពុកម្តាយមុនពេលត្រឡប់មកផ្ទះវិញ ក៏ប្រមូលបងប្អូនក៏ស្រាប់បាត់ឈ្មោះ ឈឿន ពេជ្ជរ៉ា មិនដឹងថាទៅណារកមិនឃើញ ហើយបាននាំគ្នាដើររករហូតដល់ម៉ោង១២យប់នៅតែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ ម្តាយរបស់ជនរងគ្រោះបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសឿ អោយជួយស្រាវជ្រាវរកកូនរបស់គាត់ផង ។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍រួមនឹងប្រជាការពារ ព្រមសាច់ញាតិបានចុះស្រាវជ្រាវតាមប្រឡាយទឹកហូររហូតដល់ម៉ោង០២និង៤៧នាទី រសៀលថ្ងៃទី១៥ខែតុលា ទើបប្រទះឃើញសព ឈ្មោះ ឈឿន ពេជ្ជរ៉ាលង់ទឹកស្លាប់នៅចំណុចវាលស្រែខាងកើតប្រឡាយព្រែកចំណោមចម្ងាយ ៥០ម៉ែត្រ ។
មួយករណីទៀតនៅស្រុកអូរជ្រៅ៖ថ្ងៃទី១៥-១០-២០២៣ វេលាម៉ោង១២ៈ០០នាទី. មានករណីក្មេងលង់ទឹកស្លាប់ក្នុងចំណោមក្មេង០៤នាក់ បានកើតឡើងនៅចំណុចប្រឡាយកាយថ្មីខាងកើតជាប់ផ្លូវលំក្រាលកៅស៊ូចម្ងាយ២ម៉ែត្រ(ក្នុងប្រឡាយ) មានទទឹង៤ម៉ែត្រជម្រៅ៤ម៉ែត្រ ជាប្រឡាយរដ្ឋ នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្មេងរងគ្រោះឈ្មោះ នី តា ភេទស្រី អាយុ០៤ឆ្នាំនៅភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមាន ។
នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា៖ ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ផាវ ផេង ភេទប្រុស អាយុ៣២ឆ្នាំត្រូវជាឪពុកមានៅភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា៖ នៅមុនពេលកើតហេតុ គាត់(ត្រូវជាឪពុកមា)នាំក្មួយទៅលេងទឹកចំនួន ៤នាក់ស្រី៣នាក់ ពេលទៅដល់កន្លែងទឹក គាត់កំពុងតែដាក់ចន្ទុលម៉ូតូ ក៏ស្រាប់តែក្មេងទាំង៤នាក់នោះ រត់ចុះទឹកលង់ទាំង៤នាក់ ពេលនោះបានកម្លាំងនគរបាលការពារនៅទីនោះនឹងប្រជាពលរដ្ឋបានជួយសង្រ្គោះទាន់ចំនួន៣នាក់ ក្នុងនោះស្រី២នាក់ ។ដោយឡែក ក្មេងស្រីរងគ្រោះឈ្មោះ នី តា អាយុ៤ឆ្នាំនៅពេលស្រង់ពីទឹកបានស្លាប់បាត់ទៅហើយ ។
សូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣ មានអ្នករងគ្រោះដោយសារលង់ទឹកសរុបចំនួន១៣នាក់ ក្នុងនោះស្លាប់ទាំងចាស់ទាំងក្មេងសរុបចំនួន១០នាក់និងជួយសង្រ្គោះបាន០៣នាក់(ក្មេង) ៕
ដោយ ៖ វណ្ណា